(ពិភពលោក)៖ ទោះបីការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប ការផលិតអាវុធនុយក្លេអ៊ែរ ការធ្វើសមយុទ្ធយោធា ការបញ្ចេញវោហាសាសន៍ដ៏អំណួត និងគ្មានខ្លឹមសារ បានបង្កការរំខានដល់ព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែវិបត្តិកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានស្ដែងឱ្យឃើញថា វាគ្រាន់តែជារឿងបំប៉ោងឡើងប៉ុណ្ណោះ។
កាលពីឆ្នាំ២០១៦កន្លងទៅនេះ ប្រទេសកូរ៉េខាងជើងមិនអាចប្រើប្រាស់គ្រាប់មីស៊ីលដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ វាយប្រហារដែនដីសហរដ្ឋអាមេរិកបានឡើយ។ ប៉ុន្តែក្រោយមករដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្កើនវិស័យបច្ចេកវិទ្យារបស់ខ្លួនជាបន្តបន្ទាប់។ ខណៈដែលអ្នកវិភាគមួយចំនួនបង្ហាញភាពជឿជាក់ទៅលើភាពរីកចម្រើនផ្នែកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង អ្នកវិភាគមួយចំនួនទៀតលើកឡើងថា រហូតមកទល់ពេលនេះប្រទេសដ៏អាថ៌កំបាំងមួយនេះ មិនទាន់បង្ហាញភស្ថុតាងពិតប្រាកដជាសាធារណៈណាមួយ ដែលបញ្ជាក់ថា ខ្លួនពិតជាមានសមត្ថភាព អាចបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ រហូតដល់ដែនដីសហរដ្ឋអាមេរិកបាននៅឡើយ។
តើកូរ៉េខាងជើងពិតជាមានបច្ចេកទេសផលិតក្បាលគ្រាប់នុយក្លេអ៊ែរតូចបំផុត ដែលអាចបំពាក់លើគ្រាប់មីស៊ីលដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយអាចធន់នឹងកម្តៅ និងសម្ពាធនៅពេលបាញ់ចូលក្នុងបរិយាកាសបានពិតមែនឬទេ?
មិនមែនមានន័យថា អាវុធកូរ៉េខាងជើង មិនបង្កផលប៉ះពាល់នោះឡើយ ប៉ុន្តែបើទោះបីជាកូរ៉េខាងជើងពិតមានសមត្ថភាពក្នុងការផលិតបច្ចេកវិទ្យាទំនើបបែបនេះ ហើយអាចបាញ់ប្រហារដែនដីសហរដ្ឋអាមេរិកក្ដី ក៏មិនចាត់ទុកថា ជារឿងធ្ងន់ធ្ងរគួរបារម្ភពេកនោះឡើយ។ ហេតុផលដោយសារ លោក គីម ជុងអ៊ុន មិនមែនជាមនុស្សឆោតល្ងង់នោះទេ។ ដូចដែលលោក Jon Wolfsthal ប្រធានគ្រប់គ្រងយោធាអាមេរិកក្រោមអំណាចនៃរដ្ឋាភិបាលលោក អូបាម៉ា បានពន្យល់ថា មេដឹកនាំវ័យក្មេងរូបនេះ ពិតជាដឹងច្បាស់ថា កូរ៉េខាងជើងនឹងត្រូវជារលាយក្នុងរយៈត្រឹមប៉ុន្មាននាទីភ្លាមៗតែម្តង ប្រសិនបើកូរ៉េខាងជើងហ៊ានប៉ះពាល់ដែនដីអាមេរិក។
ការដាក់ពង្រាយគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងគ្រាប់បែកនុយក្លេអ៊ែរប្រមាណ១,៥៩០គ្រាប់របស់អាមេរិក អាចពន្យល់ពីរឿងនេះបានយ៉ាងច្បាស់។ សូមជម្រាបថា ប្រទេស កូរ៉េខាងជើងមានវត្ថុធាតុដើមសម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណពី១០ ទៅ២០គ្រាប់តែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ ដ៏ច្បាស់លាស់មួយ។
ចំណែកសហរដ្ឋអាមេរិកវិញ ក៏ទំនងជាមិនអាចប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើប្រទេស កូរ៉េខាងជើងមុនផងដែរ ដរាបណាមិនទាន់មានការ បំពានពីសត្រូវរបស់ខ្លួន ព្រោះថាការបំផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង ក៏អាចបង្កឱ្យប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់លាននាក់ ឬច្រើនជាងនេះត្រូវស្លាប់បាត់បង់ជីវិត និងរងរបួស។ ទោះបីប្រទេសកូរ៉េខាងជើង គ្មានអាវុធនុយក្លេអ៊ែរស្មើនឹងអាមេរិកក្តី តែយ៉ាងហោចណាស់ កូរ៉េខាងជើងអាចបាញ់គ្រាប់រ៉ុកកែត និងកាំភ្លើងធំរាប់ពាន់គ្រាប់នៅក្នុងរយៈពេលប៉ុន្មានម៉ោងដំបូង នៃការផ្ទុះសង្រ្គាម ដែលអាចធ្វើឱ្យទីក្រុងសេអ៊ូលក្លាយទៅជាសមុទ្រភ្លើងជាមិនខាន។
ជាមួយគ្នានេះដែររដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏មានឃ្លាំងផ្ទុកកាំភ្លើងធំគីមីដ៏ធំសម្បើម និងក្បាលគ្រាប់រ៉ុក្កែតប្រកបដោយបច្ចេកវិទ្យា និងសមត្ថភាពខ្ពស់ ដែលអាចប្រែក្លាយរដ្ឋធានីរបស់កូរ៉េខាងត្បូងទៅជាសមុទ្រនៃសារធាតុពុលសារីន និងឧស្ម័នប៉ះពាល់សរសៃប្រសាទ VX ជាមិនខាន។ ដោយសារហេតុផលទាំងនេះ អាចឱ្យយើងដឹងថា ការបំផ្ទុះសង្គ្រាមរវាងកូរ៉េខាងជើង ជាមួយអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង មិនងាយនឹងកើតឡើងដូចសម័យសង្គ្រាមកូរ៉េ (១៩៥០ ដល់ ១៩៥៣)ឡើយ។
ការពិតមិនអាចប្រកែកបាន ការប្រឈមមុខដាក់គ្នាទៅវិញទៅមកនេះ ទាក់ទងនឹងវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនៅឆ្នាំ២០១៧ ត្រូវបានចាត់ទុកថា ជាល្ខោន ដែលត្រូវបានសម្តែងឡើយដោយប្រធានាធិបតី គីម ជុងអ៊ុន និងប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ផ្សព្វផ្សាយដើម្បីបម្រើដល់ផលប្រយោជន៍នៃទំនាក់ទំនង សាធារណៈរបស់ពួកគេរៀងៗខ្លួនប៉ុណ្ណោះ។ ដូចដែលយើងបានដឹងហើយថា ទិដ្ឋភាពក្នុងប្រព័ន្ធផ្សព្វផ្សាយមួយភាគធំនាពេលបច្ចុប្បន្ន ត្រូវបានគ្របដណ្តប់ដោយរឿងដែលប្រឌិតឡើងដោយលោក ត្រាំ និងលោក គីម ដែលត្រូវបានធ្វើឡើងសម្រាប់បម្រើដល់នយោបាយប៉ុណ្ណោះជាដើម។ យ៉ាងណាក្តី វាចាត់ទុកថា ជាការសម្តែងដ៏គ្រោះថ្នាក់ និងមានហនីភ័យខ្ពស់។
មធ្យោបាយដ៏ល្អមួយ ដើម្បីកាត់បន្ថយការបញ្ឆេះភ្លើងសង្គ្រាមដោយចៃដន្យដែលបង្កឡើងវិបត្ដិនៅតំបន់អាស៊ីមួយនេះ គឺបង្ហាញឱ្យលោកគីម និងលោកត្រាំ ដឹងថា ការសម្តែងរបស់ពួកគេនឹងមិនអាចផ្តល់ផលតាមអ្វីដែលបានខ្លួនចង់បាននោះឡើយ។ ប៉ុន្តែយើងមិនរំពឹងថា ទស្សនៈនេះអាចជំរុញទឹកចិត្តមេដឹកនាំទាំងពីររូប ឱ្យផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេបានឡើយ។
ច្បាស់ណាស់ថា គ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងនឹងការបាញ់សាកល្បងគ្រាប់មីស៊ីល គឺជាព្រឹត្ដិការណ៍ដ៏សំខាន់ដែលទាក់ទាញ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាំងអស់ស្ទើរទូទាំងពិភពលោក។ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានពិភពលោកបន្ទាន់ៗទាក់ទងនឹង «វិបត្តិ» នេះអាចពង្រីកហេតុការណ៍ នេះកាន់តែធំ បង្កើនការយល់ខុសកាន់តែខ្លាំង ឬអាចឈានដល់ការបញ្ឆេះសង្គ្រាមក៏អាចថាបាន។ យុទ្ធសាស្រ្តដ៏ប្រសើរមួយទៀតគឺ សារព័ត៌មានគួរតែបញ្ឈប់ការសរសេរ និងផ្សព្វផ្សាយអំពីស្ថានការណ៍នៅកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើង មានបំណងចង់បង្កើតឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការធ្វើបាញ់សាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុតរបស់ប្រទេស កូរ៉េខាងជើងមានកម្ពស់ខ្ពស់ជាងមុន ហើយមានកម្លាំងបំផ្ទុះប្រមាណជាង ១០០.០០០ តោនTNT ដែលមានន័យថា ថាមពលនេះស្មើនឹង៤ ទៅ៥ ដងនៃកម្លាំងគ្រាប់បែកដែលទម្លាក់នៅទីក្រុងណាហ្គាសាគី ប្រទេស ជប៉ុន។ ថាមពលខ្លាំងបែបនេះ អាចបណ្តាល មកពីសារធាតុគ្រាប់បែក fission រួមជាមួយអ៊ីដ្រូសែនអ៊ីសូតូប ឬធាតុផ្សំពិតដែលត្រូវបានគេស្គាល់ជាទូទៅថា ជាគ្រាប់បែកអ៊ីដ្រូសែន។
ប៉ុន្តែទោះបីជាការបាញ់សាកល្បងកាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅនេះ មានប្រើប្រាស់សារធាតុគ្រាប់បែកអ៊ីដ្រូសែនពិតប្រាកដក្តី លោក Sig Hecker អតីតប្រធានមន្ទីរពិសោធន៍ជាតិ Los Alamos និងជាអ្នកជំនាញខាងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើកូរ៉េខាងជើង បាញ់ប្រហារដែនដីណាមួយរបស់សហរដ្ឋអាមេរិក ទោះជាគ្រាប់បែកប្រភេទអ្វី ទោះជាមានថាមពលត្រឹម២០គីឡូតោន ឬ១០០គីឡូតោន ឬច្រើនជាងនេះ វានឹងបង្កវិនាសកម្ម និងមនុស្សស្លាប់ជាច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែជាថ្មីម្តងទៀតមេដឹកនាំកូរ៉េខាងជើងត្រូវដឹងច្បាស់ថា ការបាញ់ប្រហារអាមេរិក ឬសម្ព័ន្ធមិត្តដោយអាវុធនុយក្លេអ៊ែរ ប្រៀបបាននឹងការធ្វើអត្តឃាតខ្លួនឯងដូច្នោះដែរ។
ប្រទេសកូរ៉េខាងជើងគឺជាប្រទេសក្រីក្រ និងតូចតាចមួយ ខណៈដែលបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ បើធៀបនឹងមហាអំណាចអាមេរិក។ ប្រទេសកូរ៉េខាងជើងទាំងមូល ច្បាស់ជារងការបំផ្លិចបំផ្លាញខ្ទេចគ្មានសល់ភ្លាមៗ ប្រសិនបើរដ្ឋាភិបាលក្រុង ព្យុងយ៉ាងហ៊ានប៉ះពាល់មហាយក្សអាមេរិក។ យើងអាចសន្និដ្ឋានបានថា ការវាយប្រហារពីសំណាក់កូរ៉េខាងជើងទៅលើអាមេរិក គឺជារឿងមិនងាយនឹងកើតឡើងឡើយ ឬអាចនិយាយបានថា វិបត្តិកូរ៉េខាងជើងគ្រាន់ជាល្ខោនបំភ័ន្តភ្នែក ដើម្បីបង្កើនឥទ្ធិពលនៃភាគីជម្លោះទាំងពីរ លើឆាកអន្តរជាតិប៉ុណ្ណោះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា