(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានអំពាវនាវយ៉ាងទទូចដល់ពិភពលោកទាំងមូល ឲ្យងើបឈរឡើងប្រឆាំងនឹងចេតនារបស់សហរដ្ឋអាមេរិក ក្នុងការធ្វើកំណែទម្រង់ក្នុងអង្គការសហប្រជាជាតិ (UN) និងថែមទាំងបានហៅអាមេរិកថា «ជាតិសាសន៍ជើងកាង ដែលមានចរិតគគ្លើន» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ពីកូរ៉េខាងជើង បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានអំពាវនាវឲ្យមានកំណែទម្រង់ក្នុង UN ដោយយកហេតុផលថា ស្ថាប័នអន្តរជាតិដ៏ធំមួយនេះ បានបរាជ័យក្នុងការបង្ហាញសក្តានុពលពេញលេញរបស់ខ្លួន និងបម្រើការងារគ្មានប្រសិទ្ធភាពពេញលេញ និងមិនត្រូវតាមបែបបទការិយាធិបតេយ្យ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃ UNSC ការទាមទារកំណែទម្រង់នេះ គឺបង្ហាញពីមហិច្ឆតាអាមេរិក ក្នុងការត្រួតត្រាពិភពលោកហើយ»។
គួរបញ្ជាក់ថា ការថ្លែងសារកូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចចិត្តកាត់ផ្ដាច់ជំនួយជាង ២៨៥លានដុល្លារអាមេរិក ដល់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ «ហ៊ានបោះឆ្នោតជំទាស់នឹង ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ» ដែលបានសម្រេចទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីពេលថ្មីៗកន្លងទៅនេះ ដែលស្ទើរគ្រប់ប្រទេសទូទាំងសកលលោក បានសម្តែងការប្រឆាំង៕