(ប៉េកាំង)៖ ក្រុមអ្នកបុរាណវិទ្យាចិនបានរកឃើញវត្ថុបុរាណជាច្រើន មានអាយុកាលជាង ៥,០០០ឆ្នាំមុន នៅក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកបុរាណវិទ្យាចិន ការរុករកវត្ថុបុរាណបានចាប់ផ្ដើមកាលពីខែតុលា ហើយក្នុងប្រតិបត្តិការរុករកនេះទៀតសោត ពួកគេបានរកឃើញវត្ថុបុរាណចំនួន ១២២ ក្នុងនោះមានសំណល់រចនាសម្ព័ន្ធ បុរាណចំនួន ១៥ ឧបករណ៍ទុកផេះចំនួន ៩៣ និងផ្នូរសពបុរាណចំនួន ០៨ នៅក្នុងបរិវេណនៃតំបន់រុករកមានផ្ទៃ ៨០ម៉ែត្រក្រឡា នៅឯ តំបន់បុរាណវិទ្យា Guijiabao ស្ថិតនៅក្នុងតំបន់ជនបទ Yanyuan។ ចំណែកឯថ្ម និងគ្រឿងស្មូនជាច្រើនទៀត ក៏ត្រូវបានគេរកឃើញផងដែរ។
បើតាម លោក Zhou Zhiqing ជាអ្នកស្រាវជ្រាវមួយរូបមកពីវិទ្យាស្ថាន Chengdu របកកំហើញថ្មីនេះបានឆ្លុះបញ្ចំងពីទំនាក់ទំនងរវាងវត្ថុបុរាណ នៅឯភាគពាយ័ព្យ និងនិរតី ឬអាចនិយាយបានថា តំបន់ទាំងពីរនេះមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក កាលពីជាង ៥,០០០ឆ្នាំមុនមកម្ល៉េះ។
គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលអរិយធម៌ចំណាស់បំផុតមួយដែរ នៅសកលលោកយើងនេះ ហើយដែលតឹកតាងប្រវត្តិសាស្ត្រ មានអាយុកាលរាប់ពាន់ឆ្នាំជាច្រើន ត្រូវបានរកឃើញជាបន្តបន្ទាប់ និងជាច្រើនទៀត នៅមិនទាន់ត្រូវបានរកឃើញឡើយ។ សំណង់បុរាណដែលល្បីបំផុតលើលោករបស់ចិន គឺមហាកំផែងតែម្តង ដែលមានប្រវែងរហូតដល់ទៅជាង ៦,០០០គីឡូម៉ែត្រ៕