(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ពីឆ្នេរមួយទៅឆ្នេរមួយ និងពីផ្លូវមួយទៅផ្លូវមួយ ដើម្បីធានាសុវត្ថិភាពជូនប្រជាជនអាមេរិក នាឱកាសពិធីបុណ្យណូអែល ខណៈក្រុមគ្រួសារអាមេរិកប្រមូលផ្ដុំគ្នា ធ្វើការអធិដ្ឋានផ្លាស់ប្ដូរកញ្ចប់អំណោយ និងប្រារព្ធពិធីបុណ្យគ្រួសារ តាមលក្ខណៈប្រពៃណីសាសនាគ្រិស្ត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
មុនពិធីបុណ្យណូអែល ប៉ូលិសអាមេរិកបានទប់ស្កាត់អំពើមនុស្សឃាតជាច្រើន ដោយក្នុងនោះរួមទាំងការបង្រ្កាបគំរោងវាយប្រហារ នៅឯទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ កាលពីសប្ដាហ៍មុន និងការចាប់ខ្លួនបុរសម្នាក់ឈ្មោះ Everett Jameson។ លោក Jameson ត្រូវបានប៉ូលិសអះអាងថា ជាអ្នកដើរតាមមាគ៌ាក្រុម ISIS បន្ទាប់ពីរូបគេត្រូវបានគេចោទប្រកាន់ថា បានរៀបចំគំរោងវាយប្រហារភេរវកម្ម នៅក្បែរតំបន់ Modesto នៃរដ្ឋ California កាលពីថ្ងៃទី១៩ ខែធ្នូ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប៉ូលិសអាមេរិកបានទប់ស្កាត់ការប៉ុនប៉ងសម្លាប់មនុស្សទ្រង់ទ្រាយធំមួយ ដោយជនម្នាក់ឈ្មោះ Aminamin El-Mofty មានអាយុ ៥១ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ ក្រោយរូបគេបាញ់ប្រហារលើមន្ត្រីសន្តិសុខក្នុងរដ្ឋ Pennsylvania។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យ ក្រុមមន្រ្តីនៃក្រសួងសន្តិសុខមាតុភូមិ បានចាត់ទុកថាការបាញ់ប្រហារក្នុងទីក្រុង Harrisburg នៃរដ្ឋ Pennsylvanian គឺជាសកម្មភាពភេរវកម្ម៕