(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង ប្រកាសថានឹងបង្កើតអគារគ្រប់គ្រងថ្មីមួយ ដែលមានភារកិច្ចចម្បងមើលការខុសត្រូវ លើគោលនយោបាយរបស់ក្រសួង ស្តីពីប្រទេសកូរ៉េខាងជើង ដែលបាននិងកំពុងបន្តជាបញ្ហាយ៉ាងក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
គម្រោងរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ត្រូវបានឯកភាពនាថ្ងៃអង្គារនេះ ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីបង្កើតមុខតំណែងជាប្រមុខទទួលបន្ទុកផ្នែកគោលនយោបាយកូរ៉េខាងជើង នៅក្រោមអនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង សម្រាប់គោលនយោបាយការពារជាតិ។
តួនាទីថ្មីខាងលើ នឹងទទួលបន្ទុកលើការឆ្លើយតប ចំពោះការគម្រាមកំហែងពី អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង, កិច្ចចរចាអន្តរកូរ៉េរបស់ទីស្ថាប័នយោធា នៃប្រទេសទាំងពីរ, និងការបង្កើនការជឿទុកចិត្ត នៅក្នុងតំបន់យោធា។ មុខតំណែងអគ្គនាយកនេះ នឹងត្រួតត្រាទៅលើនាយកដ្ឋានចំនួន ០៤ រួមមាននាយកដ្ឋានឆ្លើយតបកម្មវិធីនុយក្លេអ៊ែរ នាយកដ្ឋានគោលនយោបាយកូរ៉េខាងជើង នាយកដ្ឋានគ្រប់គ្រងសព្វាវុធ និងនាយកដ្ឋានគោលនយោបាយមីស៊ីល-ទីអវកាស។
គួរជម្រាបថា នាយកដ្ឋានឆ្លើយតបកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង នឹងត្រូវបង្កើតឡើងថ្មី ក្រោមផែនការកែទម្រង់ខាងលើនេះ ដើម្បីឆ្លើយតបនឹងការគម្រាមកំហែងពីកូរ៉េខាងជើង ប្រកបដោយប្រសិទ្ធភាពជាងមុន ខណៈនាយកដ្ឋានមីស៊ីល-ទីអវកាស នឹងជំនួសនាយកដ្ឋានឆ្លើយតបអាវុធមហាប្រល័យ៕