(ម៉ូស្គូ)៖ កងនាវារុស្ស៊ីទទួលបាននាវាចម្បាំងថ្មីមួយគ្រឿង សម្រាប់កងកម្លាំងរបស់ខ្លួន ដែលឈរជើងនៅសមុទ្រខ្មៅ ចំពោះមុខភាពតានតឹងជាមួយប្រទេសសមាជិក NATO នៅតែម្តង។ នាវាចម្បាំង Admiral Makarov ត្រូវបានប្រគល់ជូនក្រសួងការពារជាតិរុស្ស៊ី និងចាប់ផ្ដើមធ្វើការសាកល្បងសកម្មភាព នៅឯសមុទ្រកាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិរុស្ស៊ី នាវាចម្បាំង Admiral Makarov គឺជានាវាចម្បាំងទី ៣ ក្នុងចំណោមនាវាចម្បាំងប្រភេទ Admiral Grigorovich ចំនួន ០៦គ្រឿង ដែលស្ថិត នៅក្រោមគំរោងបញ្ជាទិញរបស់កងនាវារុស្ស៊ី។ នាវាចម្បាំងពីរគ្រឿងដំបូង ត្រូវបានប្រគល់នៅឆ្នាំ២០១៦ រីឯ ០៣គ្រឿងទៀត នឹងត្រូវចាប់ផ្ដើមផលិតនៅឆ្នាំ២០១៨។
គួរបញ្ជាក់ថា នាវាចម្បាំង Admiral Makarov អាចបើកបរក្នុងល្បឿន ៥៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចផ្ទុកមនុស្សបាន ១៨០នាក់ ហើយវានឹងត្រូវបានដាក់ពង្រាយ ដើម្បីទប់ទល់នឹងនាវាចម្បាំង នាវាមុជទឹក និងយន្ដហោះចម្បាំងស្ថិតនៅក្រោមគោលដៅរបស់ខ្លួន៕