(ហាណូយ)៖ ទីក្រុងចំនួន ០២ របស់វៀតណាម ដែលត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោក គឺក្រុង Hue និង Hoi An នៅភាគកណ្តាលប្រទេស ស្ថិតក្នុងចំណោមទីក្រុងទាំង ១២ ប្រចាំនៅអាស៊ី ដែលភ្ញៀវទេសចរមកពីគ្រប់ទិសទី ចាំបាច់ត្រូវតែឆ្លៀតឱកាសមកទស្សនាកម្សាន្តឲ្យខាងតែបាន ក្នុងមួយឆាកជីវិតរបស់ពួកគេ និងមិនគួររំលងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ក្រុមហ៊ុន Cultrure Trip ដែលជាក្រុមហ៊ុនទេសចរណ៍ស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានលើកឡើងថា ទីក្រុង Hue ដែលជាអតីតរដ្ឋធានីសម័យបុរាណរបស់វៀតណាម គឺជាកន្លែងដ៏ទាក់ទាញបំផុតនៅអាស៊ី សម្រាប់ការធ្វើដំណើរទស្សនាកម្សាន្ត ជាមួយនឹងវត្តអារ៉ាម អតីតព្រះរាជវាំង ប្រាង្គប្រាសាទ ព្រមទាំងជញ្ជាំងព្រះវិហារចំណាស់ៗ ដ៏ស្រស់ស្អាតរាប់មិនអស់ ក៏ដូចជាមុខម្ហូបដ៏ឆ្ងាញ់ពិសា រួមនិងវប្បធម៌យ៉ាងសម្បូរបែប។
សម្រាប់ក្រុង Hoi An វិញ ក្រុមហ៊ុន Culture Trip បាននិយាយថា ក្រុងចំណាស់នេះ ដែលត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោកផងដែរនោះ ពិតជាមានសម្រស់ស្រស់ស្អាតជាខ្លាំង សម្រាប់ការដើរទស្សនាកម្សាន្ត ជាមួយនឹងដងផ្លូវតូចៗ ក៏ដូចជាហាងនិងផ្ទះដែលមានរចនាបថបែបចិនជាដើម។ គួរជម្រាបថា បញ្ចីនៃទីក្រុងកំពូលទាំង១២នៅតំបន់អាស៊ី ក៏រួមមានទាំងក្រុងសៀងហៃ និងក្រុងស្វយ័តហុងកុងរបស់ប្រទេសចិនផងដែរ៕