(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តកាត់ផ្ដាច់ជំនួយជាង ២៨៥លានដុល្លារអាមេរិក ដល់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ «ហ៊ានបោះឆ្នោតជំទាស់នឹង ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ» ដែលបានសម្រេចទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីពេលថ្មីៗកន្លងទៅនេះ ដែលស្ទើរគ្រប់ប្រទេសទូទាំងសកលលោក បានសម្តែងការប្រឆាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Daily Mail របស់អង់គ្លេស នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមបេសកកម្មអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ការសម្រេចចិត្តកាត់បន្ថយជំនួយនេះ ក៏នឹងត្រូវអនុវត្តផងដែរលើផ្នែកគ្រប់គ្រង និងការគំាទ្រ ដំណើរការរបស់យូអិន។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីចំនួនកញ្ចប់ថវិកាសរុប នឹងត្រូវកាត់បន្ថយ ឬក៏ផលប៉ះពាល់ដែលអាចនឹងកើតមាន លើការចូលរួមចំណែករបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយឡែក អគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន លោកស្រី Nikki Haley ក៏បានបញ្ជាក់យ៉ាងដូច្នេះដែរថា «ភាពគ្មានប្រសិទ្ធភាព និងការចំណាយដ៏ច្រើនលើសលប់ ត្រូវបានគេដឹងយ៉ាងច្បាស់ ហើយយើងនឹងមិនបណ្ដោយឱ្យអ្នកជំនាន់ក្រោយនៃប្រជាជនអាមេរិកត្រូវបានគេទាញយកប្រយោជន៍ទៀតនោះទេ»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មហាសន្និបាតអង្គការសហប្រជាជាតិមានសមាជិក ១៩៣ប្រទេស បានបោះឆ្នោតក្នុងសំឡេងគំាទ្រ ១២៨សំឡេង ទល់នឹង ០៩សំឡេង ខណៈ៣៥អនុប្បវាទ និង២១ទៀត អវត្តមានលើដំណោះស្រាយថ្កោលទោស និងអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្ត ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល។ សហរដ្ឋអាមេរិក គឺជាអ្នកឧបត្ថម្ភធំបំផុតដល់អង្គការសហប្រជាជាតិ ដោយកាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយ ១.២ពាន់លានដុល្លារ ក្នុងរយៈពេល០២ឆ្នាំ សម្រាប់អង្គការអន្តរជាតិមួយនេះ៕