(សេអ៊ូល)៖ មន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបាននិយាយថា កូរ៉េខាងជើងទំនងជាអាចនឹងស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក នៅអំឡុងឆ្នាំ២០១៨ ខាងមុខនេះ នៅក្នុងបរិបទដែលកូរ៉េខាងជើង កំពុងស្វែងរកការទទួលស្គាល់ឋានៈ ជារដ្ឋនុយក្លេអ៊ែរស្របច្បាប់មួយដែរលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «កូរ៉េខាងជើង អាចនឹងបន្តអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ប៉ុន្តែទន្ទឹមគ្នា ពួកគេក៏កំពុងស្វែងរកការទទួលស្គាល់ ជារដ្ឋនុយក្លេអ៊ែស្របច្បាប់ផងដែរ... ដូច្នេះកូរ៉េខាងជើង អាចនឹងស្នើសុំចរចា ជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៨ ខាងមុខនេះ»។
គួរបញ្ជាក់ថា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងក៏អាចនឹងចូលរួមជាមួយកូរ៉េខាងត្បូង ក្នុងការស្ដារឡើងវិញនូវទំនាក់ទំនងអន្តរកូរ៉េ នៅឆ្នាំក្រោយនេះ។ តែទោះជាបែបនេះក្ដី កូរ៉េខាងត្បូងនៅតែអះអាងថា នឹងតាមដានយ៉ាងជិតស្និទ្ធលើសុន្ទរកថាថ្ងៃចូលឆ្នាំថ្មី របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី០១ ខែមករា ថាមានចេតនាពិតចង់ចរចា ឬក៏យ៉ាងណា៕