(អាមេរិក)៖ សូម្បីថ្ងៃបុណ្យណូអែលបានចូលមកដល់ក្តី ភ្នាក់ងារពន្លត់អគ្គីភ័យជាង ១,៥០០នាក់ កំពុងបន្តព្យាយាមពន្លត់ភ្លើងឆេះព្រៃ Thomas Fire ដែលជាប់កំណត់ត្រាជាភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្ត នៅរដ្ឋកាលីហ្វរញ៉ាភាគខាងលិច សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ភ្នាក់ងារពន្លត់អគ្គិភ័យប្រមាណ ១,៥៨៦នាក់ មិនអាចចំណាយពេលវេលា សម្រាប់ថ្ងៃបុណ្យគ្រីស្មាស់នាឆ្នាំនេះ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេបានឡើយ ខណៈដែលភ្លើងឆេះព្រៃ Thomas កំពុងបន្តឆាបឆេះឡើងដដែល ទោះបីជា ៨៦ភាគរយ នៃអគ្គិភ័យត្រូវបានពន្លត់ក៏ដោយ គិតត្រឹមពេលនេះ។ ដោយឡែក ក្នុងអំឡុងពេល ២១ឆ្នាំកន្លងទៅនេះ អគ្គីភ័យដ៏សម្បើមនេះ បានឆេះផ្ទៃដីទំហំ ១១៤,០០០ហិកតា ខណៈមកទល់ពេលនេះ សំណង់អគារសរុប ១,០៦៣ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និង ២៨០ខ្នង ទៀតបានរងការខូចខាត។
គួរជម្រាបថា រដ្ឋកាលីហ្វរញ៉ាបានជួបប្រទះរដូវកាលនៃភ្លើងឆេះព្រៃ ដែលពុំធ្លាប់កើតមានពីមុនមកនោះឡើយ ហើយភ្លើងឆេះព្រៃទាំងនេះ បានបង្កការបំផ្លិចបំផ្លាញជាខ្លាំង ដល់អ្នកដែលរស់នៅក្នុងតំបន់ ព្រមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ហើយនៅតែបន្តការគម្រាមកំហែងដោយផ្ទាល់ដល់សុខភាព និងសុវត្ថិភាពសាធារណជនថែមទៀតផង។ ក្នុងឆ្នាំនេះមានករណីភ្លើងឆេះព្រៃសរុបចំនួន ៨,៧៤៧ករណី បានកើតមានឡើងនៅរដ្ឋកាលីហ្វញ៉ា៕