(សេអ៊ូល)៖ កូរ៉េខាងជើងបានចេញមុខការពារ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការអភិវឌ្ឍវិស័យអវកាសថា ជាការប្រើប្រាស់សិទ្ធិដោយស្របច្បាប់ ដែលប្រការនេះបានបង្កការសង្ស័យថា ទីក្រុងព្យុងយ៉ាងអាចនឹងបន្តធ្វើសកម្មភាពបង្កហេតុ ក្រោមស្លាកនៃការបាញ់បង្ហោះផ្កាយរណប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
កាសែតផ្លូវការរបស់បក្សកាន់អំណាចកូរ៉េខាងជើង Rodong Sinmun បានអះអាងថា ជាមួយការបាញ់បង្ហោះផ្កាយរណប Kwangmyongsong-4 កាលពីខែកុម្ភៈឆ្នាំទៅ ទីក្រុងព្យុងយ៉ាងបានឈានចូលដល់ ដំណាក់កាលអភិវឌ្ឍន៍ផ្កាយរណប កាន់តែទំនើបថែមទៀត។ កាសែតនេះបានបញ្ជាក់ថា សកម្មភាពបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន គឺជាទង្វើស្របច្បាប់ នៃការប្រើប្រាស់សិទ្ធិ ដែលស្របទៅធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលរក្សាគោលការណ៍សិទ្ធិមូលដ្ឋាននៃការគោរព ដល់អធិបតេយ្យភាព និងសមភាព ក៏ដូចជាច្បាប់អន្តរជាតិ ដែលកំណត់ពីការប្រើប្រាស់ទីអវកាសដោយសន្តិភាព។
គួរជម្រាបថា បើតាមអ្នកជំនាញកូរ៉េខាងត្បូង ការដែលកូរ៉េខាងជើងបានលើកឡើងជាដដែលៗនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យអវកាសដោយសន្តិភាព កំពុងបង្កក្តីព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាង អាចនឹងបន្តការធ្វើតេស្តមីស៊ីលផ្លោង ដោយយកការសិក្សាស្រាវជ្រាវអវកាស ធ្វើជាលែស៕