(ប៉ារីស)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាហួដ អាប់បាស់ (Mahmoud Abbas) បាននិយាយថា សហរដ្ឋអាមេរិកលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ាទៀតហើយ ដោយសារតែភាពលំអៀង និងការរំលោភលើច្បាប់អន្តរជាតិ តាមរយៈការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Abbas ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ និងផ្លាស់ប្ដូរស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម រួមទាំងការ គំរាមកំហែងកាត់ផ្ដាច់ជំនួយដល់ប្រទេសណាបោះឆ្នោត លើដំណោះស្រាយយូអិន ថ្កោលទោសទីក្រុងវ៉ាស៊ីនតោន បានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនសាកសម ធ្វើជាអ្នកសម្របសម្រួលសន្តិភាព នៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតនោះទេ... ដូច្នេះប៉ាឡេសី្ទននឹងមិនទទួលយកឡើយ នូវរាល់ផែនការរបស់សហរដ្ឋអាមេរិកពីព្រោះវាមានភាព លំអៀង និងរំលោភលើច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា បើតាមអ្នកនំាពាក្យអាជ្ញាធរប៉ាឡេស្ទីន សំឡេងបោះឆ្នោត ១២៨សំឡេង ទល់នឹង ០៩សំឡេង នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ថ្កោលទោស និងអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួនវិញ គឺជាជ័យជម្នះរបស់ប៉ាឡេស្ទីន៕