(ម៉ានីល)៖ កូនប្រុសច្បងរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បានសម្រេចចិត្តលាលែងចេញពីតំណែងជាអភិបាលរងក្រុងដាវ៉ៅហើយ នៅថ្ងៃចន្ទនេះ ដោយបញ្ជាក់ថាមូលហេតុគឺដោយសារការចោទប្រកាន់ពីសំណាក់ក្រុមប្រឆាំងថា លោកមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន និងបញ្ហាផ្ទាល់ខ្លួនរបស់លោកដែល បរាជ័យក្នុងការរៀបអាពាហ៍ពិពាហ៍។ នេះបើតាមការចញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

លោក Paolo Duterte ជាកូនប្រុសច្បងរបស់លោក ឌូតើតេ បានប្រកាសលាលែងពីតំណែងនេះ នៅអំឡុងកិច្ចប្រជុំពិសេសមួយនៃក្រុមប្រឹក្សាក្រុងដាវ៉ៅ។ លោក Paolo បានបញ្ជាក់ដូច្នេះថា៖ «មានព្រឹតិ្តការណ៍អកុសលជាច្រើននាពេលថ្មីៗនេះ បានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំ ដែលមានជាប់ទាក់ទិនយ៉ាងជិតស្និតនឹងបរាជ័យរៀបអាពាហ៍ ពិពាហ៍លើកទីមួយរបស់ខ្ញុំ...ហើយទាំងនេះក៏មានរួមបញ្ចូលផងដែរ ការបង្កាច់បង្ខូចកិត្តិយសរបស់ខ្ញុំ តាមរយៈការចោទប្រកាន់ថាខ្ញុំមានជាប់ពាក់ព័ន្ធនឹងការរត់ពន្ធ ខុសច្បាប់»

គួរបញ្ជាក់ថា លោក Paolo Duterte បានផ្ដល់សក្ខីកម្មដល់គណៈកម្មាធិការស៊ើបអង្កេត នៃព្រឹទ្ធសភាហ្វីលីពីន កាលពីខែកញ្ញា ជុំវិញការរឹបអូសកប៉ាល់ដឹកគ្រឿងញៀន មួយគ្រឿងមានតម្លៃជាង១២៥លានដុល្លារមកពីប្រទេសចិន។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកប្រឆាំងនឹងលោកឌូតើតេ បានចោទប្រកាន់ថាកូនប្រុសច្បងរបស់លោកបាន ជួយសម្រួលឱ្យកប៉ាល់នេះអាចចូលទៅដល់កំពង់ផែទីក្រុងម៉ានីល បើទោះជាលោក Paolo បានបដិសេធក៏ដោយ៕