(ឡូសអាន់ជែឡែស)៖ ទីក្រុងឡាសវេហ្គាស់ (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) បាន​បំបែក​កំណត់ត្រាអត់មាន​ភ្លៀងធ្លាក់បន្តិចសោះ ក្នុងរយៈពេល ១០២ថ្ងៃ (គិតត្រឹមថ្ងៃអាទិត្យ ទី២៤ ខែធ្នូ) ដែលវាជាសញ្ញា នៃការទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ​ទូទាំង​សហរដ្ឋអាមេរិក ខណៈដែល​រដ្ឋកាលីហ្វ័រញ៉ា ដែលស្ថិតនៅ​ក្បែរគ្នានោះ ក៏បានទទួលរងភ្លើងឆេះព្រៃ​ដ៏អាក្រក់ ប៉ុន្មានខែ​បន្តបន្ទាប់គ្នា។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។

បើគិតមកត្រឹមថ្ងៃបុណ្យណូអែល ទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ គឺគ្រប់ ១០៣ថ្ងៃ ដែលទីក្រុង ឡាសវេហ្គាស់ អត់មានភ្លៀង​ធ្លាក់សោះ ហើយវាលើសពីកំណត់ត្រា​កាលពីឆ្នាំ១៩៤៤ ទៅទៀត ដែលកាលណោះ​ទីក្រុងដ៏ទំនើប និងពេញនិយមខ្លាំង ស្ថិតនៅភាគខាងលិច​សហរដ្ឋអាមេរិក​មួយនេះ អត់មានភ្លៀងធ្លាក់​សោះ​បន្តបន្ទាប់គ្នា​រហូតដល់ ១០១ថ្ងៃ។

តាមការអះអាងពី សេវាកម្មអាកាសធាតុជាតិ (NWS) ការអត់ភ្លៀងសោះនេះ នឹងអាចអូសបន្លាយ​រហូតដល់ទៅ ១១០ថ្ងៃ ដោយផ្នែកព្យាករណ៍អាកាសធាតុបានអះអាងថា ភ្លៀងនឹងអាចធ្លាក់​នៅដើមខែមករា ឆ្នាំ២០១៨ ឯណោះ។ សម្រាប់ពេញមួយឆ្នាំ២០១៧ នេះគឺជាឆ្នាំដែលអាមេរិក​ទទួលរងគ្រោះធម្មជាតិ​ធ្ងន់ធ្ងរច្រើន​ករណី និងក្លាយជាកំណត់ត្រាថ្មីៗ។

គួរបញ្ជាក់ថា កាលពី​ខែកក្កដា ពាក់កណ្តាល​ឆ្នាំ២០១៧ កន្លងទៅ ជ្រលងមរណៈ Death Valley ស្ថិតនៅរវាងរដ្ឋ ណេវ៉ាដា និងរដ្ឋកាលីហ្វ័រញ៉ា អាកាសធាតុក្តៅ​បានបំបែកប្រវត្តិសាស្ត្រ​ក្នុងតំបន់នេះ រយៈពេល ១០០ឆ្នាំ ដោយឡើង​សីតុណ្ហភាពដល់ជិត ៤២អង្សាសេឯណោះ។ ដោយឡែក​កាលពី​ខែសីហា ឆ្នាំ២០១៧ នៅជាយ​ទីក្រុងឡូសអាន់ជែឡែស រដ្ឋកាលីហ្វ័រញ៉ា កម្តៅបានឡើងដល់ ៣៦.៦អង្សាសេ ដែលមិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ១៣១ឆ្នាំ៕