(ដាកា)៖ កងទ័ពការពារព្រំដែនរបស់ឥណ្ឌាចំនួន ០៣នាក់ ត្រូវបានអាជ្ញាធរព្រំដែនបង់ក្លាដែសចាប់ឃាត់ខ្លួន ក្រោយពីពួកគេបានឆ្លងចូលមកទឹកដីបង់ក្លាដែសដោយអចេតនា តាមតំបន់មួយនៅក្នុងស្រុក រ៉ាចហ្សាហ៊ី (Rajshahi) របស់ប្រទេសបង់ក្លាដែស ចម្ងាយ ២៥៦គីឡូម៉ែត្រភាគខាងលិចទីក្រុងដាកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
មន្រ្តីនៃកងការពារច្រកព្រំដែនបង់ក្លាដែស (BGB) បានប្រាប់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ ថា សមាជិកទាំង ០៣នាក់ នៃកងកម្លាំងសន្តិសុខព្រំដែនប្រទេសឥណ្ឌា បានទន្រ្ទានចូលមកក្នុងទឹកដីបង់ក្លាដែស ចម្ងាយប្រមាណជា ០១គីឡូម៉ែត្រ នាព្រឹកថ្ងៃចន្ទនេះ។ បើតាមប្រភពពីមន្រ្តីរូបនេះដដែល កងទ័ពឥណ្ឌាទាំង ០៣នាក់នោះ បានបកស្រាយប្រាប់កម្លាំង BGB ថានៅពេលដែលកំពុងដេញតាមក្រុមអ្នករត់ពន្ធសត្វគោ-ក្របី ដោយឆ្លងកាត់កន្លែងចុះអ័ព្ទក្រាសឃ្មឹក ពួកគេក៏បានវង្វេងផ្លូវ ហើយច្រឡំចូលមកក្នុងទឹកដីបង់ក្លាដែសតែម្តងទៅ។
គួរជម្រាបថា ខណៈពេលនេះ អាជ្ញាធរបង់ក្លាដែស កំពុងព្យាយាមបញ្ជាក់ឲ្យបានច្បាស់ពីហេតុការណ៍នេះ ខណៈកងទ័ពការពារព្រំដែនឥណ្ឌាទាំង ០៣រូប នឹងត្រូវបញ្ជូនទៅឲ្យកងកម្លាំងការពារព្រំដែនឥណ្ឌាវិញ៕