(ប៉ាឡេស្ទីន)៖ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក រីយ៉ាដ អាល់ ម៉ាលីគី (Riyad al-Maliki) បាននិយាយថា ប៉ាឡេស្ទីននឹងស្នើសុំចូលជាសមាជិកពេញសិទ្ធិ របស់អង្គការសហប្រជាជាតិ ក្នុងពេលឆាប់ៗនេះ ខណៈបច្ចុប្បន្នប៉ាឡេស្ទីនគ្រាន់តែជា រដ្ឋអង្កេតការណ៍មួយតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
លោក Riyad al-Maliki ថ្លែងបែបនេះ នៅក្នុងជំនួបជាមួយជារដ្ឋមន្ត្រីការបរទេសម៉ាល់តា លោក ខាមេឡូ អាបេឡា (Carmelo Abela) ក្នុងទីក្រុង បេសឡេហេម (Bethlehem) នៃតំបន់ West Bank ដែនដីប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះដែរ លោក Riyad al-Maliki បានលើកឡើងដូច្នេះថា «ការបោះឆ្នោតនាពេលថ្មីៗនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាជ័យជម្នះមួយសម្រាប់ប៉ាឡេស្ទីន ហើយគឺជាបរាជ័យសម្រាប់សហរដ្ឋអាមេរិក ក៏ដូចជាបង្ហាញយ៉ាងច្បាស់ពីនយោបាយលំអៀងរបស់ ទីក្រុងវ៉ាស៊ីនតោនទៅរកអ៊ីស្រាអែល»។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយ ដោយស្នើឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តទទួល ស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល ហើយក្នុងការបោះឆ្នោតនេះមាន ១២៨ប្រទេសគាំទ្រ ០៩ប្រឆាំង និង ៣៥អនុប្បវាទ៕