(ញូយ៉ក)៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានជំរុញឱ្យប្រទេសមីយ៉ាន់ម៉ាបញ្ចប់ការធ្វើប្រតិបត្តិការយោធា ដែលមានគោលដៅលើជនជាតិរ៉ូហ៊ីងយ៉ា ក៏ដូចជាស្នើឱ្យមានការតែងតាំងបេសកកជនពិសេសផងដែរ បើទោះជាមានការជំទាស់ពីប្រទេសចិន និងរុស្ស៊ីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ការអំពាវនាវខាងលើធ្វើឡើងក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានអនុម័តលើដំណោះស្រាយមួយ ស្ដីពីវិបតិ្តជនជាតិរ៉ូហ៊ីងយ៉ា ដែលស្នើឡើងដោយអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)។ ដំណោះស្រាយនេះ ត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ១២២សំឡេង ប្រឆាំង ១០សំឡេង និង ២៤ ទៀតអនុប្បវាទ ហើយប្រទេសដែលបោះឆ្នោតជំទាស់មាន ចិន រុស្ស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ហ្ស៊ីមបាវេ ស៊ីរី និងបេលឡារុស ដោយយល់ថា វិបត្តិរូហ៊ីងយ៉ាគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានស្លាប់ និងច្រើនជាង ៦៥០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស គិតចាប់តាំងពីជម្លោះក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពីថ្ងៃ២៥ ខែសីហា។ ប៉ុន្តែអាជ្ញាធរមីយ៉ាន់ម៉ាបានអះអាងថា ប្រតិបត្តិការរបស់ខ្លួនធ្វើឡើង ក្នុងគោលបំណងការពារជនស៊ីវិល និងបង្រ្កាបក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា ដែលខ្លួនចាត់ទុកថា ជាអ្នកទទួលខុសត្រូវលើអំពើហិង្សាក្នុងរដ្ឋភាគខាងជើង នៃប្រទេស៕