(វ៉ាស៊ីនតោន)៖ ការព្រមានមួយស្តីពីការបំផ្ទុះគ្រាប់បែក បាននាំឲ្យផ្សារទំនើបដ៏ធំមួយកន្លែង ស្ថិតក្នុងទីក្រុង West Sacramento នៃរដ្ឋកាលីហ្វរញ៉ា បង្ខំចិត្តជម្លៀសខ្លួនមនុស្សជាបណ្តោះអាសន្ន នារសៀលថ្ងៃអាទិត្យ (ពេលវេលានៅតំបន់ភាគខាងលិចអាមេរិក) ក៏ប៉ុន្តែក្រោយមកត្រូវគេរកឃើញថា គ្រាន់ជាការទូរស័ព្ទមកនិយាយកុហកប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ប៉ូលិសអាមេរិកបានឲ្យដឹងថា ស្រ្តីម្នាក់បានហៅទូរស័ព្ទចេញពីកន្លែងចតរថយន្ត នៃផ្សារទំនើបខាងលើ ដោយនិយាយថា លោកស្រីជឿជាក់ថាមានគ្រាប់បែកមួយគ្រាប់ នៅក្នុងរថយន្តរបស់លោកស្រី។ ភ្លាមៗក្រុមជំនាញដោះគ្រាប់បែក ក៏បានរួសរាន់ទៅកាន់កន្លែងកើតហេតុជាមួយនឹងសុនខរុករកគ្រាប់បែក ខណៈកន្លែងចតរថយន្ត និងផ្សារទំនើបត្រូវបានជម្លៀសខ្លួនមនុស្សចេញយ៉ាងបន្ទាន់ ហើយផ្លូវមួយចំនួនត្រូវបានបិទ។
ប៉ុន្តែក្រោយពីបានឆែកឆេររថយន្ត ព្រមទាំងតំបន់ជុំវិញនោះមក ប៉ូលិសបានបញ្ជាក់ថា ពួកគេរកពុំឃើញមានឧបករណ៍គួរឲ្យសង្ស័យណាមួយឡើយ។ ចំណែកស្រ្តីវ័យ ៤៩ឆ្នាំ ដែលបានទូរស័ព្ទទៅប៉ូលិសនោះវិញ នឹងត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃមើលលើសុខភាពផ្លូវចិត្តរបស់លោកស្រី។
គួរជម្រាបថា សហរដ្ឋអាមេរិកកំពុងបន្តស្ថិតក្នុងការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ដោយកម្លាំងអាជ្ញាធរនៅក្នុងប្រទេស មានការរឹងបន្តឹងសន្តិសុខជាខ្លាំង សម្រាប់រដូវឈប់សម្រាកនៃបុណ្យណូអែល និងឆ្លងឆ្នាំសាកល ដើម្បីបង្ការអំពើវាយប្រហារដោយភេរវកម្ម ដែលអាចនឹងកើតមានឡើង៕