(ហូជីមិញ)៖ អាជ្ញាធរតាមបណ្តាខេត្តជាប់មាត់សមុទ្រ នៅភាគខាងត្បូងប្រទេសវៀតណាម បានធ្វើការជម្លៀសប្រជាជនយ៉ាងបន្ទាន់ សរុបប្រមាណជិត ១លាននាក់ ទៅរកកន្លែងមានសុវត្ថិភាព ខណៈព្យុះទីហ្វុង ធឹមប៊ីន (Tembin) កំពុងតែសំដៅមកប្រទេសអាស៊ានមួយនេះហើយ ក្រោយពីវាបានសម្លាប់ប្រជាជនហ្វីលីពីនអស់ ២០០នាក់ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា សម្រាប់នៅក្នុងសង្កាត់ Can Gio ទីក្រុងហូជីមិញតែឯងប៉ុណ្ណោះ ប្រជាជនសរុបជាង ៥,០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញ ខណៈដែលខេត្ត Bav Lieu មនុស្សរហូតដល់ទៅ ៣៦៦,០០០នាក់ ត្រូវបានជម្លៀស។ បន្ថែមពីនេះខេត្ត Ba Ria Vung Tau, Ca Mau, Soc Trang និង Hau Giang នៅភាគខាងត្បូង សរុបចូលគ្នាមានប្រជាជនជិត ១លាននាក់ ត្រូវបានជម្លៀសទៅរកទីតាំងមានសុវត្ថិភាព ដើម្បីជ្រកកោណបណ្តោះអាសន្ន។
គួរបញ្ជាក់ថា កាលពីព្យុះទីហ្វុង Linda វាយប្រហារប្រទេសវៀតណាម កាលពីអំឡុងឆ្នាំ១៩៩៧ បានបណ្តាលឲ្យមនុស្សរហូតដល់ ៣,០០០នាក់ស្លាប់ និងបាត់ខ្លួន ដែលបទពិសោធន៍ដ៏ឈឺចាប់បំផុតនេះ ប្រទេសវៀតណាមមិនអាចឲ្យកើតមានម្តងទៀតឡើយ។ នៅឆ្នាំ២០១៧នេះ ព្យុះកំណាចសរុប ១៥ បានវាយប្រហារវៀតណាម ដោយបានផ្តាច់ជីវិតមនុស្ស ៣៨៦នាក់ និងខូចខាតសេដ្ឋកិច្ច ២.៦ពាន់លានដុល្លារ៕