(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់អត្តឃាត នៅក្បែរអគារនៃទីភ្នាក់ងារចារកម្មជាតិអាហ្វហ្គានីស្ថាន បានបណ្ដាលឱ្យមនុស្ស ០៣នាក់ស្លាប់ និងម្នាក់របួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ប៉ុន្តែភ្លាមៗ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ហើយក៏ពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយដែរ ដោយគ្រាន់តែគេដឹងថា ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅច្រកចូលអគារទីភ្នាក់ងារស៊ើបការណ៍សំងាត់ (ចារកម្ម) អាហ្វហ្គានីស្ថានក្នុងរដ្ឋធានីកាប៊ុល។
ក៏ប៉ុន្តែការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ កើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុម ISIS បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារលើមជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយកន្លែង នៃទីភ្នាក់ងារស៊ើបការណ៍សំងាត់របសអាហ្វហ្គានីស្ថាន៕