(វ៉ាស៊ីនតោន)៖ យន្ដហោះដ៏ធំបំផុតនៅលើពិភពលោក របស់ក្រុមហ៊ុន Stratolaunch ដែលមានបំណងនាំយកគ្រាប់រ៉ុក្កែត ទៅកាន់ស្រទាប់បរិយាកាសមណ្ឌលទី ២ (stratosphere) កម្ពស់ ៥០គីឡូម៉ែត្រពីផ្ទៃផែនដី ត្រូវបានដាក់ឱ្យដំណើរការបើកបរសាកល្បងជាលើកដំបូងហើយ នៅលើផ្លូវក្នុងទីក្រុងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី ២៥ ខែធ្នូ ឆ្នាំ២០១៧។
យន្ដហោះម៉ូដែល ៣១៥ ជាយន្ដហោះមានតួភ្លោះ និងស្លាបតរួមគ្នា និងមានទំហំធំជាងយន្ដហោះដទៃ ត្រូវបានផលិតឡើងពីសមាសធាតុផ្សំជាច្រើន ដែលអាចនាំរ៉ុក្កែតទៅកាន់រយៈ កម្ពស់ខ្ពស់ ព្រមទាំងជួយសន្សំសម្ចៃការបាញ់រ៉ុក្កែត ពីដីទៅកាន់លំហអាកាស។
យន្ដហោះនេះមានបណ្តោយប្រវែង ១១៧ម៉ែត្រ រីឯស្លាបយន្តហោះភ្លោះមានបណ្ដោយ ៧៣ម៉ែត្រ។ ដោយឡែកក្រុមអ្នកផលិត ក៏បានគូសបញ្ជាក់ដូច្នេះដែរថា «ប្រព័ន្ធជាច្រើនត្រូវបានត្រួតពិនិត្យ នៅអំឡុងពេលធ្វើតេស្ដ ក្នុងនោះរួមមានទាំងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងប្រព័ន្ធប្រមូលទិន្នន័យ ហើយមិនតែប៉ុណ្ណោះ ប្រព័ន្ធទាំងអស់បានដំណើរការតាមការរំពឹងទុក»។
គួរបញ្ជាក់ថា គំនិតចង់នាំរ៉ុក្កែតទៅក្នុងស្រទាប់បរិយាកាសជាន់ទី ២ ត្រូវបានផ្ដួចផ្ដើមឡើងកាលពីពាក់កណ្ដាលសតវត្សរ៍ទី២០ម្ល៉េះ ប៉ុន្តែទាំងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក មិនទាន់បានទទួលជោគជ័យធំដុំណាមួយនៅឡើយទេ៕