(ប៉េកាំង)៖ យន្តហោះធុន AG600 របស់ចិន ដែលមនុស្សជាច្រើនបានអះអាងថាជា យន្តហោះអាចចុះចតលើផ្ទៃទឹកបានដ៏ធំមហិមាបំផុតលើលោកនោះ បានឆ្លងកាត់ការធ្វើតេស្តហោះហើរលើកដំបូង ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន South China Morning Post យន្តហោះដែលមានរហស្សនាមថា «នាគទឹក» ធុន AG600 Jiaolong នេះបានធ្វើការហោះហើរសាកល្បងជាលើកដំបូង នៅលើដែនសមុទ្រចិនខាងត្បូងនាថ្ងៃអាទិត្យកន្លងទៅនេះ។
ជាមួយម៉ាស៊ីនកង្ហារធំៗចំនួន ០៤គ្រឿង យន្តហោះនេះអាចធ្វើការហោះហើរឡើងដោយផ្ទុកទំនិញដល់ទៅទម្ងន់ ៥៣.៥តោន នៅលើវាបាន និងអាចហោះបានចម្ងាយឆ្ងាយបំផុត ៥,៦៣៣គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ជា ១១គីឡូម៉ែត្រ និងក្នុងល្បឿន ៥៦៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រៅពីនេះ យន្តហោះ AG600 ក៏អាចប្រមូលយកទឹកបានជិត ៥,០០០លីត្រ ក្នុងពេលត្រឹម ២០វិនាទីប៉ុណ្ណោះ ដែលត្រូវអាចប្រើប្រាស់ ដើម្បីពន្លត់ភ្លើងឆេះព្រៃបាននាពេលក្រោយ។
គួរជម្រាបថា យន្តហោះចុះលើផ្ទៃទឹករបស់ចិន ដែលមានទទឹងពីចុងស្លាបម្ខាងទៅម្ខាងមានប្រវែង ៣៩ម៉ែត្រ និងពីក្បាលដល់កន្ទុយប្រវែងជិត ៣៧ម៉ែត្រនេះ ត្រូវបានមនុស្សជាច្រើនអះអាងថា ជាយន្តហោះដែលអាចចុះចតលើផ្ទៃទឹកដ៏ធំបំផុត នៅក្នុងពិភពលោក។ ប៉ុន្តែវាហាក់ដូចជាមិនពិតទាំងស្រុងឡើយ ដោយហេតុថាទោះបីខណៈពេលនេះវាប្រហែលជា យន្តហោះចុះលើទឹកដ៏ធំបំផុតដែលកំពុងធ្វើប្រតិបត្តិការក្តី យន្តហោះយ៉ាងហោចណាស់ ០២គ្រឿងផ្សេងទៀត កាលពីសម័យមុន ដែលមានទំហំធំជាងវា៕