ព័ត៌មានក្តៅ! ធ្លាក់យន្តហោះខ្នាតតូច «ស្លាប់មួយគ្រួសារ» ក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក!
25-12-2017 09:59
(ផ្លូរីដា)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មនុស្ស ០៥នាក់ ក្នុងនោះមាន ០៤នាក់ ជាសមាជិកគ្រួសារតែមួយបានស្លាប់បាត់បង់ជីវិត នៅពេលយន្ដហោះរបស់ ពួកគេបានធ្លាក់ក្រោយហោះឡើងបានបន្តិច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមស្ថានីយទូរទស្សន៍ CNN ហេតុការណ៍ធ្លាក់យន្ដហោះនេះបានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯអាកាសដ្ឋានមួយក្នុងនៃទីក្រុង Tampa នៃរដ្ឋផ្លូរីដា។ CNN បានបន្ថែមដែរថា យន្ដហោះនេះជាប្រភេទយន្ដហោះធុនតូច Cessna 340 បានហោះចេញពីអាកាសយានដ្ឋាននេះក្នុងចំងាយ ៦៤គីឡូម៉ែត្រ ប៉ុន្តែស្រាប់តែធា្លក់ និងបណ្ដាលឱ្យផ្ទុះឆេះតែម្តង។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អះអាងថា មូលហេតុធ្លាក់នេះ អាចបណ្ដាលមកពីកត្តាអាកាសធាតុ៕