(ម៉ូស្គូ)៖ កងនាវាអាហ្សង់ទីនបានឱ្យដឹងថា វត្ថុម្យ៉ាងទំនងជាផ្នែកមួយនៃនាវាមុជទឹក សាន ចូអាន (San Juan) ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបំាង ត្រូវបានគេប្រទះឃើញនៅក្បែរឈូងសមុទ្រអាហ្សង់ទីន ហើយនឹងត្រូវបានត្រួតពិនិត្យអ្នកជំនាញរុស្ស៊ីមួយក្រុម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអាទិត្យ កងនាវាអាហ្សង់ទីនបានគូសបញ្ជាក់ដូច្នេះថា «នាវាពិឃាត សារ៉ាន់ឌី (Sarandi) បានរកឃើញវត្ថុម្យ៉ាង ហើយ វត្ថុនេះនឹងត្រូវបានសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញរុស្ស៊ី មកពីនាវាមុជទឹក ផាន់ទែរ៉ា ផ្លាស់ (Pantera Plus) ខណៈកងនាវារុស្ស៊ី យ៉ាន់តារ (Yantar) បានចាកចេញពីរដ្ឋធានីនៃប្រទេស អ៊ុយរ៉ាហ្គាយកាលពីថ្ងៃសៅរ៍ ឆ្ពោះទៅកាន់តំបន់រុករក»។
គួររំលឹកថា នាវាមុជទឹក San Juan មានផ្ទុកមនុស្ស ៤៤នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅមហាសមុទ្រអាត្លង់ទិកខាងត្បូង កាលពីថ្ងៃទី១៥ ខែវិច្ឆិកាក្រោយមាន សេចក្ដីរាយការណ៍ជាច្រើនថា មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងនាវាមុជទឹកនេះ៕