(ប៉េរូ)៖ ប្រធានាធិបតីប៉េរូបានប្រកាសថា រូបលោកបានសម្រេចផ្តល់ការលើកលែងទោស ឲ្យអតីតមេដឹកនាំប៉េរូ លោក អាល់ប៊ឺតូ ហ្វូជីម៉ូរី (Alberto Fujimori) ដែលកំពុងជាប់ឃុំ ក្រោយពីត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស ពុករលួយ និងការបង្កើតក្រុមអង្គភាពសម្រាប់ធ្វើឃាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Indian Express នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
ប្រធានាធិបតីប៉េរូបច្ចុប្បន្ន លោក ផេដ្រូ ផាប្លូ គុចហ្ស៊ីនស្គី (Pedro Pablo Kuczynski) បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា លោកបានសម្រេចចិត្តដោះលែង លោក Fujimori ក្រោមហេតុផលមនុស្សធម៌ គឺពាក់ព័ន្ធនឹងសុខភាពរបស់ លោក Fujimori។ អតីតប្រធានាធិបតីប៉េរូរូបនេះ ដែលសព្វថ្ងៃមានវ័យ៧៩ឆ្នាំ និងធ្លាប់បានដឹកនាំប្រទេសអាមេរិកឡាទីនមួយនេះ ចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ គឺជាបុគ្គលដ៏ចម្រូងចម្រាសម្នាក់ នៅក្នុងប្រទេស។
ប្រជាជនប៉េរូខ្លះមានការកោតសរសើរចំពោះរូបលោក សម្រាប់ការកម្ចាត់ចលនាទ័ពឈ្លប Maoist Shining Path ខណៈខ្លះទៀតមានការស្អប់ខ្ពើម លោក Fujimori ដោយសារការរំលោភបំពានលើសិទ្ធិមនុស្ស ដែលបានកើតមានឡើងនៅក្រោមរដ្ឋាភិបាលរបស់លោក។
គួរជម្រាបថា បើពុំមានការលើកលែងទោសខាងលើទេនោះ លោក Alberto Fujimori តាមពិតត្រូវស្ថិតក្នុងពន្ធនាគាររហូតដល់អាយុ ៩៣ឆ្នាំ បន្ទាប់ពីលោកត្រូវបានតុលាការ កាត់ទោសកាលពីឆ្នាំ២០០៩៕