(ហ្គាតេម៉ាឡា)៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក ជីមមី មូរ៉ាល់ឡែស (Jimmy Morales) បានបញ្ជាឱ្យផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ហើយដែលការសម្រេចចិត្តនេះទៀត កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសណាដែលហ៊ានជំទាស់នឹងការសម្រេចចិត្តរបស់លោក ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០១៧។
លោក Jimmy Morales ថ្លែងបែបនេះនៅលើ Facebook ក្រោយលោកបាននិយាយទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ។ កាលពីសប្ដាហ៍មុនប្រទេស Guatemala គឺជាប្រទេសមួយក្នុងចំណោម ០៧ ដែលបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល របស់លោក ត្រាំ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចំនួន ១៥៨ ក្នុងចំណោមប្រទេស ១៩៣ ជាសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តដោយអំពាវនាវ ឱ្យសហរដ្ឋអាមេរិក លុបចោលការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីសា្រអែល៕