(អាមេរិក)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា គណនីប្រឆាំងរដ្ឋាភិបាល សរុបចំនួន ១៤៩គណនី ត្រូវបានក្រុមហ៊ុន Facebook យល់ព្រមលុបចេញពីបណ្តាញរបស់ខ្លួនតែម្តង ក្រោយពីទទួលបានសំណើជាផ្លូវការ ពីរដ្ឋាភិបាលទីក្រុងហាណូយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានវៀតណាម VN Express នារសៀលថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់គណនី ដែលត្រូវលុបចេញពីបណ្តាញសរុបចំនួន ១៥៩ ខាងលើនេះ គឺត្រូវបានរដ្ឋាភិបាលវៀតណាមបញ្ជាក់ទៅក្នុងសំណើទៅកាន់ ការិយាល័យក្រុមហ៊ុន Facebook ថា «ជាគណនីដែលមានសកម្មភាពរិះគន់ និងបង្ខូចឈ្មោះថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម ហើយក៏មានការផ្សព្វផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល និងបក្សកុម្មុយនិស្តវៀតណាមថែមទៀតផង»។ នេះបើតាមសម្តីរបស់លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវៀតណាម។
គួរបញ្ជាក់ថា ក្រៅពីគណនីប្រឆាំងរដ្ឋាភិបាលវៀតណាមទាំង ១៥៩ ខាងលើនេះត្រូវបានបណ្តាញសង្គម Facebook យល់ព្រមបិទចោល (Disabled) នោះ គណនីក្លែងក្លាយចំនួន ១០៧ និងទំព័រលក់ផលិតផលក្លែងក្លាយចំនួន ៣៩៤ ទៀតនៅលើ Facebook ក៏ត្រូវបានបិទចោលផងដែរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវៀតណាម បានបង្ហាញការប្តេជ្ញាទៀតថា នឹងបន្តលុបបំបាត់ទង្វើបំពានច្បាប់តាមបណ្តាញសង្គមនេះ ឲ្យកាន់តែខ្លាំងក្លាទៅមុខទៀត៕