(ប៉េកាំង)៖ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងលើដំណោះស្រាយដាក់ទណ្ឌកម្មចុងក្រោយបំផុត របស់អង្គការសហប្រជាជាតិដោយថែមទំាង អះអាងដែរថានេះគឺជាទង្វើបង្កសង្រ្គាម ហើយថាទណ្ឌកម្មនេះគឺជាការរាំងខ្ទប់សេដ្ឋកិច្ចទាំងស្រុងប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមការដកស្រង់សម្ដីដោយសារព័ត៌មាន KCNA ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានគូសបញ្ជាក់ដូច្នេះថា៖«សហរដ្ឋអាមេរិក កំពុងភ័យខ្លាចយ៉ាងខ្លាំងចំពោះការ សម្រេចបានដោយជោគជ័យជាប្រវត្តិសាស្ត្រនូវកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង ដូច្នេះហើយទើបពួកគេខំប្រឹងដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងពួកយើង...ប៉ុន្តែយើងនឹងកាន់តែ ពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់យើងទុកសម្រាប់ការពារខ្លួនឯង និងទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ចេតនាអាក្រក់ និងគោលនយោបាយអរិភាព តាមរយៈការបង្កើតកម្លាំងតុល្យភាពជាមួយសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង សម្រាប់ការបន្តធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ ទណ្ឌកម្មនេះគឺផ្តោតសំខាន់លើការទប់ស្កាត់ប្រភពប្រាក់ចំណូលដែលកូរ៉េខាងជើងយកទៅប្រើប្រាស់ក្នុងផលិត អាវុធនុយក្លេអ៊ែរ៕