(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ៣៧នាក់បានបាត់ខ្លួន និងត្រូវគេបារម្ភថាអាចនឹងស្លាប់បាត់ជីវិតនៅគ្រោះអគ្គិភ័យមួយដែលបានឆាប ឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងដាវ៉ៅ ភាគខាងត្បូងនៃប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមក្រុមអាជ្ញាធរនៅក្នុងតំបន់ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើពេលជាច្រើនម៉ោងដើម្បីពន្លត់អណ្ដាតភ្លើងឆាបឆេះដំបូងកាលពីព្រឹកថ្ងៃសៅរ៍ នៅជាន់ទី០៣ និង បានរាលដាលដល់ជាន់ដទៃទៀត ដោយបណ្ដាលឱ្យបុគ្គលក្នុងផ្សារទំនើបនេះជាច្រើននាក់ជាប់គាំងមិនអាចចេញទៅណារួច។ «ឱកាសអ្នកនៅរស់រាន្តមានជីវិតគឺស្ថិតនៅ ក្នុងកំរិតសូន្យ»។ នេះគឺជាការលើកឡើងរបស់មន្ត្រីម្នាក់នៅក្នុងតំបន់។
គួរបញ្ជាក់ថា មូលហេតុនៃគ្រោះអគ្គិភ័យនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ រីឯប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ក៏បានជួបជាមួយគ្រួសារ សាច់ញាតិជនរងគ្រោះដែលកំពុងបាត់ខ្លួនផងដែរ។ ទីក្រុងដាវ៉ៅស្ថិតនៅចំងាយ៨០០គីឡូម៉ែត្រ ពីទីក្រុងម៉ានីល៕