(វ៉ាស៊ីនតោន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតនៅថ្ងៃសុក្រ ដើម្បីដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេស កូរ៉េខាងជើង ក្នុងនោះរួមទាំងការរឹតបន្តឹងបន្ថែមទៅលើការ នាំចូលប្រេងទៅក្នុងប្រទេសនេះផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។
ការដាក់ទណ្ឌកម្មជាថ្មីនេះ ត្រូវបានធ្វើឡើង ជាការឆ្លើយតបនឹងការបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីបចុងក្រោយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ ដែលរដ្ឋាភិបាលកុម្មុយនីសមួយនេះ បានប្រកាសថាវាអាចបញ្ជូនអាវុធនុយក្លេអ៊ែរទៅគ្រប់ទីតាំងទាំងអស់នៃដែនដីរបស់សហរដ្ឋអាមេរិក។
សេចក្តីព្រាងនៃសេចក្តីសម្រេចថ្មីនេះ ត្រូវបានបោះឆ្នោតនៅវេលាម៉ោង០១រសៀលថ្ងៃសុក្រនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីសម្រេចថ្មីនេះ បានដាក់ចេញនូវច្បាប់ជាច្រើនក្នុងនោះ ក៏មានហាមឃាត់ការនាំចូលអាហារ គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ឈើ នាវា ជាដើមទៅកាន់ប្រទេស កូរ៉េខាងជើង៕