(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ដែលជាអ្នកគាំទ្រប៉ាឡេស្ទីនយ៉ាងពេញជំហរនោះ បានធ្វើការរិះគន់ដោយឥតសម្ចៃមាត់បន្តិចនោះឡើយ ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានគំរាមកត់ឈ្មោះ និងផ្តាច់ជំនួយចំពោះប្រទេសណាក៏ដោយ នៅក្នុងអង្គការសហប្រជាជាតិ (UN) ដែលហ៊ានបោះឆ្នោតប្រឆាំងអាមេរិក លើបញ្ហាទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០១៧។
លោក Erdogan បានថ្លែងពីរដ្ឋធានីអង់ការ៉ា ដោយពាក្យសម្តីធ្ងន់ៗកម្រមានថា «លោក ត្រាំ! អ្នកមិនអាចទិញប្រជាធិបតេយ្យពីតួកគី ដោយលុយដុល្លាររបស់អ្នកបានទេ។ ខ្ញុំសូមអំពាវនាវទៅកាន់ពិភពលោកទាំងមូល! សូមកុំលក់ឧត្តមគតិ និងប្រជាធិបតេយ្យរបស់អ្នក ដោយសារតែលុយដុល្លារបន្តិចបន្តួចនោះឲ្យសោះ។ ខ្ញុំសង្ឃឹមថា អាមេរិកនឹងមិនទទួលបានផល ដូចដែលខ្លួនគិតទុកនៅថ្ងៃនេះទេ ហើយពិភពលោក និងផ្តល់មេរៀនល្អមួយឲ្យអាមេរិក»។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេបានទទួលយកលុយរាប់លាន និងរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក តែពួកគេបែរជាចង់បោះឆ្នោតប្រឆាំងនឹងពួកយើងទៅវិញ... មិនអីទេឱ្យពួកគេបោះឆ្នោតប្រឆាំងនឹងពួកយើងចុះ ព្រោះថាវានឹងធ្វើឱ្យយើងសន្សំសម្ចៃបានកាន់តែច្រើន ហើយយើងមិនខ្វល់នោះទេ»។ ការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែលបានបង្កជាការរិះគន់ និងថ្កោលទោសយ៉ាងខ្លំាងពីអន្តរជាតិ ជាពិសេសគឺបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើន។
គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិមានសមាជិក ១៩៣ប្រទេស បានបើកកិច្ចប្រជុំ បន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាលើការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល។ ចំណែកឯការព្រមានរបស់ លោក ត្រាំ កើតមានឡើង ខណៈគេរំពឹងថា នៅក្នុងកិច្ចប្រជុំនេះមហាសន្និបាតនឹងបោះឆ្នោតគាំទ្រ លើដំណោះស្រាយថ្កោលទោស ក៏ដូចជាអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តនេះវិញ៕