(សេអ៊ូល)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់២៩នាក់ ក្នុងហេតុការណ៍ឆេះអគារ នាថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុង Jecheon ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧។
អណ្តាតភ្លើងបានឆាបឆេះឡើងនៅក្នុងអគារនៃមជ្ឈមណ្ឌលថែរក្សាសុខភាពប្រាំបីជាន់ ស្ថិតក្នុងទីក្រុង Jecheon ខេត្ត Chungcheong ដែលមានចម្ងាយប្រមាណ១៧០គីឡូម៉ែត្រភាគអាគ្នេយ៍ នៃរដ្ឋធានីសេអ៊ូល។
ជនរងគ្រោះត្រូវបានគេរកឃើញថា បានស្លាប់បាត់បង់ជីវិត ដោយបានជាប់ក្នុងបន្ទប់សូណា ស្ថិតក្នុងជាន់ទីពីរ និងទីបីនៃអគារកើតហេតុ។ រហូតមកទល់ពេលនេះ ចំនួនអ្នករងរបួសបានកើនឡើងដល់២៦នាក់ហើយ ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរងគ្រោះដោយសារការស្រូបក្លិនផ្សែងធ្ងន់ធ្ងរ។
សូមជម្រាបថា ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង ៣៖៣៥នាទី (ម៉ោងក្នុងតំបន់) ដោយអណ្តាតភ្លើងមានប្រភពចេញពីកន្លែងចតរថយន្តជាន់ទីមួយ ហើយចាប់ផ្តើមឆាបឆេះរាលដាលពេញអគារទាំងមូលតែម្តង។ រថយន្តពន្លត់អគ្គីភ័យចំនួន ៥០គ្រឿង និងកម្លាំងពន្លត់អគ្គីភ័យ៦០នាក់ រួមទាំងឧទ្ធម្ភាគចក្រ០២គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង និងសង្គ្រោះមនុស្ស ព្រមទាំងស្វែងរកសាកសពដែលអាចនឹងកើនឡើងជាបន្តទៀត។ ភ្លើងត្រូវបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៥៖៤០នាទីល្ងាច(ម៉ោងក្នុងតំបន់)៕