(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សាឡង់មួយគ្រឿងដឹកអ្នកដំណើរសរុប ២៥១នាក់ បានក្រឡាប់លិចនៅឯកោះមួយស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដែលកំពុងទទួលរងឥទ្ធិពលពីព្យុះ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។ ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មនុស្សចំនួន០៣នាក់បានស្លាប់៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា សហរដ្ឋអាមេរិក នឹងកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសណា ដែលហ៊ានបោះឆ្នោតគាំទ្រលើ ដំណោះស្រាយយូអិន «ថ្កោលទោសទីក្រុងវ៉ាស៊ីនតោន» ចំពោះការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល៕
៣៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាហានកូរ៉េខាងជើងម្នាក់ទៀតថា បានរត់ចោលជួរពីប្រទេសកំណើតរបស់ខ្លួន ចូលមកកាន់ទឹកដីកូរ៉េខាងត្បូង ដែលរឿងនេះបានកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ទៀត បានរត់គេចខ្លួនទាំងត្រូវជាប់កាំភ្លើងជិតក្ស័យជីវិត ពេលដែលបានព្យាយាមរត់ផ្លោះឆ្លងជ្រោះមរណៈ ចូលមកកាន់ដែនដីកូរ៉េខាងត្បូងបានសម្រេចដូចគ្នា៕
៤៖ ក្រសួងការពារជាតិចិន បានចេញសេចក្តីអំពាវនាវមួយ ឲ្យសហរដ្ឋអាមេរិកបង្កើតគោលដៅជាក់លាក់ និងសមហេតុផល ចំពោះការវិវឌ្ឍន៍នៃវិស័យយោធាចិន បន្ទាប់ពីរបាយការណ៍យុទ្ធសាស្ត្រជាតិរបស់ទីក្រុងវ៉ាស៊ីនតោន មានលក្ខណៈអវិជ្ជមានខ្លាំង ចំពោះទំនើបកម្មយោធានៃទីក្រុងប៉េកាំង៕
៥៖ ប្រាកដជាជម្រើសដ៏ពិបាកបំផុតមួយហើយ ដើម្បីឲ្យអង្គការ NASA ត្រូវជ្រើសយកបេសកកម្មតែមួយ ក្នុងការអភិវឌ្ឍក្នុងចំណោមជម្រើសបេសកកម្មដ៏សំខាន់ៗ ពីរបែបនេះ ដែលទី១ គឺការបញ្ជូនយន្តហោះដ្រូន ដើម្បីហោះហើរក្នុងបរិយាកាសដ៏ក្រាស់ នៃព្រះច័ន្ទ Titan របស់ភពសៅរ៍ ខណៈទី ២ គឺការបញ្ជូនយានចុះចតលើអាចម៍ផ្កាយ Comet 67P ដែលមានរាងដូចសត្វទាមួយក្បាល៕
៦៖ កូរ៉េខាងត្បូងគ្រោងនឹងទិញ យន្ដហោះចម្បាំងបំបាំងកាយ F-35A ចំនួន ២០គ្រឿង បន្ថែមទៀតពីសហរដ្ឋអាមេរិក ហើយដែលព័ត៌មាននេះកើតមានឡើងតែជាងពីរខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសជាសាធារណៈថា ទីក្រុងសេអ៊ូល អាចបញ្ជាទិញអាវុធក្នុងតម្លៃរាប់ពាន់លានដុល្លារ៕
">