(កាតាឡាន់)៖ ការិយាល័យបោះឆ្នោតនៅទូទាំងតំបន់កាតាឡាន់ បើកដំណើរការហើយនៅថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យប្រជាជននៅក្នុងតំបន់ស្វយ័តមួយនេះ បោះឆ្នោតជ្រើសរើសសភាថ្មី តាមការអំពាវនាវពីសំណាក់រដ្ឋាភិបាលអេស្ប៉ាញ បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ ដ៏ចម្រូងចម្រាសកាលពីខែតុលាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
ការបោះឆ្នោតមុនអាណត្តិនេះ ត្រូវបានគេមើលឃើញថា គឺជាការប្រកួតប្រជែងរវាងក្រុមអ្នកគាំទ្រឱ្យ កាតាឡាន់មានឯករាជ្យភាព និងក្រុមអ្នកគំាទ្រចង់ឱ្យតំបន់នេះ នៅតែជាតំបន់ស្វយ័តមួយរបស់អេស្ប៉ាញ ខណៈគេរំពឹងថា ភាពតានតឹង ឬអំពើហិង្សាអាចផ្ទុះឡើងជាថ្មី។ ជាមួយគ្នានោះដែរ បើតាមការស្ទង់មតិចេញផ្សាយដោយ សារព័ត៌មានអេស្ប៉ាញ El Pais គណបក្សសាធារណៈរដ្ឋឆ្វេងនិយម នៃតំបន់កាតាឡាន់ ERC ដែលគំាទ្រឯករាជ្យភាពពីអេស្ប៉ាញ អាចនឹងទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតនេះ ដោយនាំមុខបន្តិចបន្តួចលើគណបក្ស Ciudadanos (Cs) មាននិន្នាការគាំទ្រការបង្រួបបង្រួមជាមួយអេស្ប៉ាញ។
គួររំលឹកថា សភាកាតាឡាន់បានប្រកាសឯករាជ្យកាលពីថ្ងៃទី២៧ ខែតុលា ក្រោយការបោះឆ្នោតប្រជាមតិមួយ ដែលរដ្ឋាភិបាលអេស្ប៉ាញចាត់ទុកថា ខុសច្បាប់ ក៏ដូចជា បណ្ដេញប្រធានាធិបតីកាតាឡាន់ចេញពីតំណែង និងប្រកាសរំលាយសភានេះចោល ហើយរៀបចំការបោះឆ្នោតជាថ្មី នៅថ្ងៃទី២១ ខែធ្នូនេះ៕