(អាមេរិក)៖ ប្រាកដជាជម្រើសដ៏ពិបាកបំផុតមួយហើយ ដើម្បីឲ្យអង្គការ NASA ត្រូវជ្រើសយកបេសកកម្មតែមួយ ក្នុងការអភិវឌ្ឍក្នុងចំណោមជម្រើសបេសកកម្ម ដ៏សំខាន់ៗពីរបែបនេះ ដែលទី១ គឺការបញ្ជូនយន្តហោះដ្រូន ដើម្បីហោះហើរក្នុងបរិយាកាសដ៏ក្រាស់ នៃព្រះច័ន្ទ Titan របស់ភពសៅរ៍ ខណៈទី ២ គឺការបញ្ជូនយានចុះចតលើអាចម៍ផ្កាយ Comet 67P ដែលមានរាងដូចសត្វទាមួយក្បាល។ នេះបើតាមការចេញផ្សាយដោយ New York Times នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
លោក James L. Green នាយកវិទ្យាស្ថានវិទ្យាសាស្ត្រភពរបស់អង្គការ NASA បានលើកឡើងថា «វាជាកម្មវិធីដែលយើងពិបាកជ្រើសរើសខ្លាំងណាស់។ យើងអាចធ្វើការអភិវឌ្ឍបានតែមួយប៉ុណ្ណោះក្នុងចំណោមជម្រើសពីរខាងលើ ក្នុងរយៈពេលមួយទសវត្សរ៍»។ សម្រាប់បេសកកម្ម ទៅកាន់អាចម៍ផ្កាយ Comet 67P ក៏មានសារៈសំខាន់ខ្លាំងផងដែរ ព្រោះបេសកកម្ម Rosetta របស់ទីភ្នាក់អវកាសអឺរ៉ុប ESA បានត្រៀមរួចជាស្រេច ដើម្បីផលិតយានទៅចុះចតនៅទីនោះ និងយកគំរូតាងនានាមកកាន់ផែនដីវិញ ដើម្បីធ្វើការសិក្សា។
ដោយឡែកសម្រាប់បេសសកម្ម ផលិតយន្តហោះដ្រូន Dragonfly ដែលអាចតស៊ូនឹងបរិយាកាស ដែលខាប់ជាងផែនដី ៥០% និងស្ថិតនៅរាប់ពាន់លានគីឡូម៉ែត្រ នោះគឺព្រះច័ន្ទ Titan ដ៏ធំបំផុតនៃភពសៅរ៍ ពិតជាកាន់តែធំធេង និងរំភើបខ្លាំងទៅទៀត ប៉ុន្តែអត្ថន័យនៃការសិក្សាគឺស្រដៀងគ្នា ដោយសំដៅទៅលើការរុករកជីវិត និងប្រវត្តិនៃការកកើតប្រព័ន្ធព្រះអាទិត្យយើងនេះ។
គួរបញ្ជាក់ថា បើសិនជាក្រុមការងាររបស់ NASA សម្រេចចិត្តរួចហើយថា នឹងរើសយកមួយណានោះពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភ ០៤លានដុល្លារ ភ្លាមៗតែម្តង ដើម្បីយកទៅសិក្សា និងបង្កើតជាគំរោងលើក្រដាសចេញមក ហើយចុងក្រោយនៅពាក់កណ្តាលឆ្នាំ២០១៩ NASA នឹងធ្វើការសម្រេចចិត្តជាថ្មីឡើងវិញថា តើបេសកកម្មពីរនេះ មួយណាគួរចាប់ផ្តើមអភិវឌ្ឍន៍មុន ហើយបេសសកម្មបាញ់បង្ហោះ អាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២៥។
រឿងបែបនេះក៏ធ្លាប់បានកើតមានឡើងម្តងដែរ ដោយកាលពីសម័យ NASA ត្រូវបានឲ្យជ្រើសរើសធ្វើការសិក្សាអំពីការបញ្ជូនយាន Curiosity ទៅចុះចតលើភពអង្គារ និងយានអវកាស ទៅចុះលើ Europa ព្រះច័ន្ទភពព្រហស្បតិ៍នោះ គឺចុងក្រោយក្រុមការងារ NASA បានរើសយក Curiosity មកធ្វើការសិក្សា និងសម្រេចការងារមុន ដោយទទួលបានជោគជ័យ ប៉ុន្តែបេសកកម្មទៅ Europa ក៏ត្រូវបានធ្វើឲ្យយឺតយ៉ាវមកទល់ពេលនេះ៕