(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានចេញសេចក្តីអំពាវនាវមួយ ឲ្យសហរដ្ឋអាមេរិកបង្កើតគោលដៅជាក់លាក់ និងសមហេតុផល ចំពោះការវិវឌ្ឍន៍នៃវិស័យយោធាចិន បន្ទាប់ពីរបាយការណ៍យុទ្ធសាស្ត្រជាតិរបស់ទីក្រុងវ៉ាស៊ីនតោន មានលក្ខណៈអវិជ្ជមានខ្លាំង ចំពោះទំនើបកម្មយោធានៃទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang បានធ្វើការលើកឡើងដូចខាងលើនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅក្នុងវែបសាយ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ ឆ្លើយតបនឹងរបាយការណ៍យុទ្ធសាស្ត្រជាតិអាមេរិក ដែលទីក្រុងប៉េកាំងអះអាងថា «កំពុងបង្កើនការរំជើបរំជួលដ៏គួរឲ្យភ្ញាក់ផ្អើល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការធ្វើទំនើបកម្មលើវិស័យការពារជាតិរបស់ខ្លួន និងបង្កឲ្យមានការសង្ស័យ ចំពោះគោលបំណង នៃការអភិវឌ្ឍយោធារបស់ប្រទេសចិនទាំងមូល»។
គួរបញ្ជាក់ថា ក្រៅពីការទាមទារឲ្យអាមេរិកលះបង់ចោលគំនិតអវិជ្ជមាន ដែលមិនអាចទទួលយកបានចំពោះប្រទេសចិននោះ អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងប៉េកាំង ក៏បានប្រាប់អាមេរិកថែមទៀត ឲ្យព្យាយាមងាកមកបង្កើនកិច្ចសហប្រតិបត្តិការ និងពិភាក្សាគ្នាប្រកបដោយលក្ខណៈវិជ្ជមានរវាងយោធានៃប្រទេសទាំងពីរ ពីព្រោះប្រទេសចិនក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាព និងសន្តិភាពពិភពលោកផងដែរ៕