(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ត្រូវបានគេមើលឃើញថា ទទួលបានជ័យជម្នះយ៉ាងធំធេង ក្រោយព្រឹទ្ធសភាអាមេរិក «បោះឆ្នោតគំាទ្រលើច្បាប់ពន្ធដារថ្មី» របស់លោកកាលពីថ្ងៃពុធ ប៉ុន្តែនេះមិនមែនមានន័យថា វានឹងមិនអាចជួយឱ្យគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាក្នុងរយៈពេលយូរតទៅទៀតបានទេ។ នេះបើតាមសម្តីអ្នកជំនាញ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
«ការអនុម័តលើច្បាប់ពន្ធដារថ្មី គឺជារឿងអវិជ្ជមានសម្រាប់រដ្ឋបាល លោក ត្រាំ។ វាមិនមែនជាច្បាប់មានប្រជាប្រិយភាព នៅក្នុងចំណោមសាធារណៈជនអាមេរិកនោះទេ ហើយ វាក៏នឹងមិនអាចជួយឱ្យគណបក្សសាធារណៈរដ្ឋ ក្នុងការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ នៅឆ្នាំ២០១៨ បានដែរ»។ នេះគឺជាការលើកឡើងរបស់ លោក ហ្វែលឡូ ដារ៉ែល វែសត៍ (Fellow Darrell West) មកពីវិទ្យាស្ថាន ប្រ៊ូឃីង (Brookings Institution)។
លោក Fellow ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ហើយមិនតែប៉ុណ្ណោះ អ្នកជំនាញរូបនេះក៏បានអះអាងដែរថា ប្រជាជនអាមេរិកភាគច្រើនមិនជឿទុកចិត្តឡើយថា ពួកគេនឹងទទួលបានការកាត់បន្ថយពន្ធយ៉ាងសំខាន់ តាមរយៈច្បាប់នេះឡើយ។ បើតាមលោក Fellow Darrell West គណបក្សសាធារណៈរដ្ឋត្រូវបានគេរំពឹងថា អាចនឹងបាត់បង់កៅនៅក្នុងសភាយ៉ាងហោចណាស់ ២៤កៅអី ដែលគណបក្សប្រជាធិបតេយ្យ ត្រូវការជាចាំបាច់ ដើម្បីត្រឡប់មកគ្រប់គ្រងសភាអាមេរិកសាជាថ្មី។
គួរបញ្ជាក់ថា សម្រាប់ការសន្និដ្ឋានខាងលើនេះ គឺបានកើតមានឡើងក្រោយពីលទ្ធផលជាក់ស្តែងមួយ រយៈពេលជិត ០១ឆ្នាំ បន្ទាប់ពីឡើងកាន់អំណាច កម្រិតប្រជាប្រិយភាពនៅក្នុងចំណោមមហាជនអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្លាក់ចុះយ៉ាងគំហុក ហើយទំនងជានឹងបន្តដាំក្បាលថែមទៀត ដែលប្រការនេះអាចនឹងក្លាយជាដំណឹងល្អរបស់បក្សប្រជាធិបតេយ្យ ស្របពេលដែលអ្នកបោះឆ្នោត កំពុងទន្ទឹងរង់ចាំការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំក្រោយនេះ ហើយអ្នកមានឈ្មោះបោះឆ្នោតជិត ៥០ភាគរយ បានអះអាងថា ពួកគេចង់ឲ្យបក្សប្រជាធិបតេយ្យគ្រប់គ្រងសភា ធៀបនឹង ៤១ភាគរយ ដែលគាំទ្របក្សសាធារណរដ្ឋរបស់ លោក ត្រាំ៕