(សេអ៊ូល)៖ កូរ៉េខាងត្បូង​គ្រោងនឹងទិញ​ យន្ដហោះ​ចម្បាំង​បំបាំងកាយ F-35A ចំនួន ២០គ្រឿង បន្ថែមទៀតពី​សហរដ្ឋអាមេរិក ហើយដែលព័ត៌មាននេះ​កើតមានឡើង​តែជាងពីរ​ខែប៉ុណ្ណោះ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសជា​សាធារណៈថា ទីក្រុងសេអ៊ូល អាចបញ្ជាទិញអាវុធ​ក្នុងតម្លៃរាប់ពាន់​លានដុល្លារ។ នេះបើតាមការ ចេញផ្សាយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះ​ដែរ សារព័ត៌មានកូរ៉េខាងត្បូង Joongang Ilbo ផ្អែកលើប្រភព​ដែលខ្លួនទទួល​បានពីមន្ត្រី​រដ្ឋាភិបាល​បានឱ្យដឹងថា កម្មវិធីមួយត្រូវបានបង្កើតឡើងដើម្បី ដំណើរការ​នីតិវិធីទិញយន្ដហោះចម្បាំង ២០គ្រឿង បន្ថែមពី​សហរដ្ឋអាមេរិក។ ដោយឡែក​កាលពីឆ្នាំ​២០១៤ កូរ៉េខាងត្បូង​ក៏ធ្លាប់បាន​ប្រកាសជាផ្លូវការ​ផងដែរ ពីគំរោង​ទិញយន្ដហោះ​ចម្បាំង F-35​A ចំនួន ៤០គ្រឿង នៅក្នុងបរិបទ​ដែលកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង កាន់តែរីក​ចំរើន​ទៅមុខ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​ជំនាញកូរ៉េខាងត្បូង កូរ៉េខាងជើងអាចនឹង​ដឹកនាំការធ្វើតេស្ដ​មីស៊ីលឆ្លងទ្វីប ICBM ជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗនេះ ក្រោយខ្លួនប្រកាសថា ចាប់ពីពេលនេះ​តទៅមីស៊ីល​កូរ៉េខាងជើង មានលទ្ធភាព​បាញ់ដល់គ្រប់​ដែនដីគោក​ទាំងអស់ របស់​សហរដ្ឋអាមេរិក។ ទោះបីជា​មិនទាន់បញ្ជាក់តម្លៃជាផ្លូវការ​ក៏ដោយ ប៉ុន្តែប្រភេទ​យន្តហោះ F-35A ដ៏អស្ចារ្យនេះ​ជាធម្មតា​មាន​តម្លៃ​ខ្ទង់ ៩៤.៦លានដុល្លារ ដូច្នេះ​២០គ្រឿង គឺស្មើនឹងជិត ២ពាន់លានដុល្លារ​៕