(សេអ៊ូល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទាហានកូរ៉េខាងជើងម្នាក់ទៀតថា បានរត់ចោលជួរពីប្រទេសកំណើតរបស់ខ្លួន ចូលមកកាន់ទឹកដីកូរ៉េខាងត្បូង ដែលរឿងនេះបានកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ទៀត បានរត់គេចខ្លួនទាំងត្រូវជាប់កាំភ្លើងជិតក្ស័យជីវិត ពេលដែលបានព្យាយាមរត់ផ្លោះឆ្លងជ្រោះមរណៈ ចូលមកកាន់ដែនដីកូរ៉េខាងត្បូងបានសម្រេចដូចគ្នា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia ដកស្រង់ប្រភពដើមពី Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។
ព័ត៌មានដែលត្រូវបានបង្ហើបដោយមន្ត្រីយោធាកូរ៉េខាងត្បូង បានឲ្យដឹងទៀតថា យោធាកូរ៉េខាងជើងម្នាក់បានប្រថុយឆ្លងកាត់ព្រំដែន ដែលមានកងយោធាយាមល្បាតយ៉ាងតឹងរឹង នៅវេលាម៉ោង ៨៖០៤នាទី ព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង ប៉ុន្តែមិនមានផ្ទុះការបាញ់ប្រហារ ដូចកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដែលទាហានម្នាក់ បានរត់ឆ្លងព្រំដែនដូចគ្នា និងត្រូវគ្រាប់កាំភ្លើងពេញខ្លួននោះឡើយ។ សម្រាប់ព័ត៌មានបន្ថែមអំពីទាហានរត់ចោលជួរកូរ៉េខាងជើងថ្មីនេះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ។
គួរបញ្ជាក់ថា ទាហានកូរ៉េខាងជើងមា្នក់ដំបូងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ដោយឆ្លងកាត់តាមតំបន់សន្តិសុខ ស្ថិតនៅក្នុងតំបន់គ្មានយោធានៃព្រំដែនភូមិ Panmunjom រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយប្រើរថយន្ដមួយគ្រឿងដើម្បីគេចខ្លួន។ ប៉ុន្តែដោយសាររថយន្ដជាប់ផុងទៅណាមិនរួច ទើបរូបគេបង្ខំចិត្តចុះពីលើរថយន្ដ ខណៈទាហានកូរ៉េខាងជើងជាច្រើននាក់ ដេញតាមបាញ់ឱ្យរបួសធ្ងន់ មុននឹងត្រូវបានទាហានកូរ៉េខាងត្បូង ជួយសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ៕