(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា សហរដ្ឋអាមេរិក នឹងកាត់ផ្ដាច់ជំនួយ​ហិរញ្ញវត្ថុដល់​ប្រទេសណា ដែលហ៊ានបោះឆ្នោត​គាំទ្រលើ ដំណោះស្រាយ​យូអិន «ថ្កោលទោសទីក្រុង​វ៉ាស៊ីនតោន» ចំពោះការ​សម្រេចចិត្ត​ទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​របស់​អ៊ីស្រាអែល។ នេះបើតាម​ការ​ចេញផ្សាយ ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅចំពោះ​មុខអ្នកសារព័ត៌មាន​កាលពី​ថ្ងៃពុធ (ម៉ោងនៅ​សហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ពួកគេបាន​ទទួលយកលុយ​រាប់លាន និងរាប់ពាន់លានដុល្លារ​ពីសហរដ្ឋអាមេរិក តែពួកគេបែរ​ជាចង់បោះឆ្នោតប្រឆាំងនឹងពួកយើង​ទៅវិញ... មិនអីទេ​ឱ្យពួកគេបោះឆ្នោតប្រឆាំង​នឹងពួកយើងចុះ ព្រោះថា​វានឹងធ្វើ​ឱ្យយើងសន្សំ​សម្ចៃ​បានកាន់តែច្រើន ហើយយើង​មិនខ្វល់​នោះទេ»។ ការសម្រេចចិត្តទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល​បានបង្កជា​ការរិះគន់ និងថ្កោលទោស​យ៉ាងខ្លំាង​ពីអន្តរជាតិ ជាពិសេស​គឺបណ្ដាប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាមភាគ​ច្រើន។

គួរបញ្ជាក់ថា មហាសន្និបាត​អង្គការសហប្រជាជាតិមាន​សមាជិក ១៩៣ប្រទេស នឹងបើក​កិច្ចប្រជុំ បន្ទាន់មួយ​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដើម្បីពិភាក្សា​លើការទទួលស្គាល់​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​អ៊ីស្រាអែល។ ចំណែកឯ​ការព្រមានរបស់ លោក ត្រាំ កើតមានឡើង ខណៈគេរំពឹងថា នៅក្នុងកិច្ចប្រជុំនេះ​មហាសន្និបាត​នឹងបោះឆ្នោត​គាំទ្រ​ លើ​ដំណោះស្រាយ​ថ្កោលទោស ក៏ដូចជាអំពាវនាវ​ឱ្យសហរដ្ឋអាមេរិក លុបចោលការ​សម្រេចចិត្ត​នេះវិញ៕