(ប៉េកាំង)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៉េកាំង លោក Andreï Denissov បានកត់សម្គាល់ថាសន្តិភាព និងស្ថេរភាពនៅលើឧបទ្វីបកូរ៉េ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមានប្រើប្រាស់កម្លាំងយោធាដាក់គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
លោក Andreï Denissov ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោក Denissov បានលើកឡើងដូច្នេះថា៖ «យើងមិនមែន ត្រឹមតែកំពុងស្វែងរកដំណោះស្រាយតែប៉ុណ្ណោះទេ ប៉ុន្តែគឺយើងកំពុងស្វែងរកការបង្កាសេណារីយ៉ូអាក្រក់ទាំងឡាយកុំឱ្យកើតឡើង... ហើយរឿងបែបនេះគឺអាស្រ័យទៅលើ ចិននិងរុស្ស៊ី រួមទាំងកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា ចិននិងរុស្ស៊ី ធ្លាប់បានលើកឡើងពីដំណោះស្រាយសម្រាប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដោយប្រទេសទាំងពីរយល់ថា ជំហានដំបូងត្រូវបន្ថយការ ដាក់សម្ពាធ លើកូរ៉េខាងជើង រីឯកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវតែផ្អាកការធ្វើសមយុទ្ធយោធា។ បន្ទាប់មកទៀត ទើបចាប់ផ្ដើមដំណើរការណ៍កិច្ចចរចា ដោយផ្ទាល់រវាង ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន ហើយចុងក្រោយគឺរៀបចំឱ្យមានកិច្ចចរចាពហុភាគី៕