(ពិភពលោក)៖ នៅថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតការស៊ើបអង្កេតទៅលើសាកសពមនុស្សចំនួន ១០នាក់ ដែលត្រូវបានគេរកឃើញនៅភូមិមួយកន្លែង ក្នុងទីក្រុង មួងតរ (Maungtaw) នៃរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រព្រឹត្តទៅជាផ្លូវការហើយ ជាមួយក្រុមវេជ្ជសាស្រ្ត ក្រុមការងារយុត្តិធម៌ ព្រមទាំងរដ្ឋបាលក្នុងតំបន់៕
២៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក បាហ៍រ៉ាម ហ្គាស្សេមី (Bahram Ghassemi) នៅថ្ងៃពុធនេះ បានច្រានចោលរាល់ការចោទប្រកាន់ពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតដែលថា ទីក្រុងតេហរ៉ង់ជាអ្នកផ្គត់ផ្គង់អាវុធ ឱក្រុមឧទ្ទាមហួធីនៅក្នុងប្រទេសយ៉េមែន៕
៣៖ ប៉ូលិសអង់គ្លេស បានចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារភេរវកម្មនៅក្នុងចក្រភពអង់គ្លេស នៅអំឡុងបុណ្យណូអែលខាងមុខនេះ ហើយ ក្នុងប្រតិបត្តិការនេះ បុរសបួននាក់ហើយត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារនៅក្នុងតំបន់ South Yorkshire និង Derbyshire៕
៤៖ រយៈពេលជិត ០១ឆ្នាំ បន្ទាប់ពីឡើងកាន់អំណាច កម្រិតប្រជាប្រិយភាពនៅក្នុងចំណោមមហាជនអាមេរិករបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្លាក់ចុះយ៉ាងគំហុក ហើយទំនងជានឹងបន្តដាំក្បាលថែមទៀត ដែលប្រការនេះអាចនឹងក្លាយជាដំណឹងល្អរបស់បក្សប្រជាធិបតេយ្យ ស្របពេលដែលអ្នកបោះឆ្នោត កំពុងទន្ទឹងរង់ចាំការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំក្រោយនេះ ហើយអ្នកមានឈ្មោះបោះឆ្នោតជិត ៥០ភាគរយ បានអះអាងថាពួកគេចង់ឲ្យបក្សប្រជាធិបតេយ្យ គ្រប់គ្រងសភាធៀបនឹង ៤១ភាគរយ ដែលគាំទ្របក្សសាធារណរដ្ឋរបស់ លោក ត្រាំ៕
៥៖ អគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន លោកស្រី នីកគី ហាឡេយ (Nikki Haley) បានព្រមានថា សហរដ្ឋអាមេរិកនឹងកត់ឈ្មោះទុក រាល់ប្រទេសដែលបោះឆ្នោតគំាទ្រលើ ដំណោះស្រាយ យូអិនស្ដីពីការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការព្រមានគ្មានកោតក្រែងបែបនេះរបស់ លោកស្រី Haley ធ្វើឡើងនៅមុនពេល មហាសន្និបាតអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)៕
៦៖ ទីភ្នាក់ងារអវកាស NASA កំពុងតែគ្រោងរៀបចំផែនការសម្រាប់ឆ្នាំ២០៦៩ ដើម្បីទៅស្វែងរុករកសញ្ញានៃជីវិត នៅតាមភពស្រដៀងផែនដីដែលទើបត្រូវបានរក ឃើញ។ ប៉ុន្តែកុំទាន់អាលរំភើបចិត្តខ្លាំងអី ព្រោះថាបេសកកម្មនេះពុំទាន់មានឈ្មោះច្បាស់លាស់នៅឡើយទេ ហើយបច្ចេកវិទ្យាដែលតម្រូវក្នុងការអភិវឌ្ឍយាន ឲ្យទៅដល់ទីនោះបាន ក៏មិនទាន់ត្រូវបានរកឃើញផងដែរ៕