(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន លោកស្រី នីកគី ហាឡេយ (Nikki Haley) បានព្រមានថា សហរដ្ឋអាមេរិកនឹងកត់ឈ្មោះទុក រាល់ប្រទេសដែលបោះឆ្នោតគំាទ្រលើ ដំណោះស្រាយ យូអិនស្ដីពីការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការព្រមានគ្មានកោតក្រែងបែបនេះរបស់ លោកស្រី Haley ធ្វើឡើងនៅមុនពេល មហាសន្និបាតអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅលើបណ្ដាញ Twitter លោកស្រី Haley តំណាងអាមេរិក បានគូសបញ្ជាក់ដូច្នេះថា « នៅអង្គការសហប្រជាជាតិ យើងតែងតែត្រូវបានស្នើឱ្យធ្វើការច្រើន និងផ្ដល់កាន់តែច្រើន។ ដូច្នេះនៅពេលយើងសម្រេចចិត្ត តាមការចង់បានរបស់ប្រជាជនអាមេរិក ពីទីតាំងស្ថានទូតរបស់យើង យើងមិនរំពឹងឡើយថា អ្នកដែលយើងបានជួយ បែរជាប្រឆាំងនឹងពួកយើង... នៅថ្ងៃព្រហស្បតិ៍ នឹងមានការបោះឆ្នោតមួយ រិះគន់លើការសម្រេចចិត្តរបស់ពួកយើង តែត្រូវចាំសហរដ្ឋអាមេរិក នឹងកត់ចំាណាំឈ្មោះទុក»។
គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាលើការទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ពីសំណាក់លោក ដូណាល់ ត្រាំ។ ម្យ៉ាងវិញទៀតនៅក្នុងកិច្ចប្រជុំនេះ គេរំពឹងថា មហាសន្និបាតនឹងបោះឆ្នោតគាំទ្រ លើដំណោះស្រាយអំពាវនាវឱ្យ សហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រើសិទ្ធិវ៉េតូបោះឆ្នោត ជំទាស់នឹងដំណោះស្រាយមួយ នៃក្រុមប្រឹក្សាសន្តិសុខស្ដីពី ទីក្រុងហ្សេរុយសាឡឹម៕