(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស NASA កំពុងតែគ្រោងរៀបចំផែនការសម្រាប់ឆ្នាំ២០៦៩ ដើម្បីទៅស្វែងរុករកសញ្ញានៃជីវិត នៅតាមភពស្រដៀងផែនដី ដែលទើបត្រូវបានរកឃើញ។ ប៉ុន្តែកុំទាន់អាលរំភើបចិត្តខ្លាំងអី ព្រោះថាបេសកកម្មនេះពុំទាន់មានឈ្មោះច្បាស់លាស់នៅឡើយទេ ហើយបច្ចេកវិទ្យា ដែលតម្រូវក្នុងការអភិវឌ្ឍយានឲ្យទៅដល់ទីនោះបាន ក៏មិនទាន់ត្រូវបានរកឃើញផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Independent នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
អង្គការ NASA ត្រូវគេរាយការណ៍ថា កំពុងរៀបចំគម្រោងបេសកកម្មមួយឆ្លងប្រព័ន្ធផ្កាយ ដើម្បីតាមស្វែងរកជីវិត នៅក្បែរប្រព័ន្ធព្រះអាទិត្យ នៅឯប្រព័ន្ធ Alpha Centauri ដែលមានផ្កាយចំនួន ០៣ដួង។ បេសកកម្មពោពេញដោយមហិច្ឆតានេះ ពុំទាន់មានឈ្មោះផ្លូវការនោះទេ ហើយបច្ចេកវិទ្យាដែលចាំបាច់ សម្រាប់ការនាំយកយានអវកាស ទៅកាន់ទីនោះ ក៏ពុំទាន់ត្រូវបានស្រាវជ្រាវរកឃើញផងដែរ ប៉ុន្តែកាលបរិច្ឆេទប៉ាន់ស្មាននៃបេសកកម្មនេះ ត្រូវគេជឿជាក់ខ្ពស់ថា នឹងចំពេលគម្រប់ខួប ១០០ឆ្នាំ នៃដំណើរទៅជាន់លើឋានព្រះច័ន្ទរបស់មនុស្សលោកយើងជាលើកទីមួយ។
បេសកកម្មខាងលើ នឹងទាមទារយានអវកាសមួយគ្រឿង ត្រូវធ្វើដំណើរក្នុងល្បឿនអប្បរមាស្មើនឹង ១០ភាគរយនៃល្បឿពន្លឺ ខណៈបណ្តុំផ្កាយ Alpha Centauri ស្ថិតនៅចម្ងាយ ៤.៤ឆ្នាំពន្លឺពីផែនដីយើង ហើយប្រសិនបើកំណត់ត្រានៃល្បឿន ១០ភាគរយ នៃល្បឿនពន្លឺអាចត្រូវសម្រេចបានមែនក៏ដោយ ការធ្វើដំណើរទៅកាន់ប្រព័ន្ធនេះនឹងត្រូវចំណាយពេល៤៤ឆ្នាំ ដែលនឹងធ្វើឲ្យយើងទៅកាន់ទីនោះនៅឆ្នាំ២១១៣ ឯណោះ។
គួរជម្រាបថា មកទល់ពេលនេះមនុស្សលោកយើង សម្រេចបានត្រឹមយានអវកាសតែមួយគ្រឿងប៉ុណ្ណោះ ដែលអាចចាកចេញពីប្រព័ន្ធព្រះអាទិត្យដោយជោគជ័យ គឺយាន Voyager-1 ដែលត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ១៩៧៧ម៉្លេះ ហើយទោះបីជាបច្ចេកវិទ្យាដែលបំពាក់នៅលើវាកាលនោះ នៅមានកម្រិតយ៉ាងណាក្តី យានអវកាសនេះ បានផ្តល់មកវិញនូវព័ត៌មានគួរឲ្យចាប់អារម្មណ៍ថ្មីៗ ទាក់ទិននឹងភពក៏ដូចជាព្រះច័ន្ទនានា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ យ៉ាងណាមិញ យានអវកាសនេះ ត្រូវបានរចនាបង្កើតឡើងពុំមែន សម្រាប់ការធ្វើដំណើរឆ្លងប្រព័ន្ធផ្កាយនោះឡើយ៕
Voyager 1 បច្ចុប្បន្នស្ថិតនៅចម្ងាយ ១៨.៨ពាន់លានគីឡូម៉ែត្រ ពីភពផែនដី និងកំពុងធ្វើដំណើរដោយសន្សឹមៗ ក្នុងល្បឿនត្រឹមតែ ៦១,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ ដែលមិនដល់ ០១ភាគរយ នៃល្បឿនពន្លឺនោះឡើយ៕