(វ៉ាស៊ីនតោន)៖ រយៈពេលជិត ០១ឆ្នាំ បន្ទាប់ពីឡើងកាន់អំណាច កម្រិតប្រជាប្រិយភាពនៅក្នុងចំណោមមហាជនអាមេរិករបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានធ្លាក់ចុះយ៉ាងគំហុក ហើយទំនងជានឹងបន្តដាំក្បាលថែមទៀត ដែលប្រការនេះអាចនឹងក្លាយជាដំណឹងល្អរបស់បក្សប្រជាធិបតេយ្យ ស្របពេលដែលអ្នកបោះឆ្នោត កំពុងទន្ទឹងរង់ចាំការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំក្រោយនេះ ហើយអ្នកមានឈ្មោះបោះឆ្នោតជិត ៥០ភាគរយ បានអះអាងថា ពួកគេចង់ឲ្យបក្សប្រជាធិបតេយ្យគ្រប់គ្រងសភា ធៀបនឹង ៤១ភាគរយ ដែលគាំទ្របក្សសាធារណរដ្ឋរបស់ លោក ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
បើតាមលទ្ធផលនៃការស្ទង់មតិមួយរបស់ស្ថានីយទូរទស្សន៍ CNN ចេញផ្សាយនាសប្តាហ៍នេះ មានតែប្រជាជនអាមេរិកត្រឹម ៣៥ភាគរយប៉ុណ្ណោះ ដែលជឿជាក់ថា លោក ដូណាល់ ត្រាំ កំពុងបំពេញតួនាទីយ៉ាងល្អ ក្នុងនាមជាប្រធានាធិបតីរបស់ពួកគេ ខណៈសំឡេង ៥៩ភាគរយ បានឆ្លើយថាមិនល្អឡើយ។
ការស្ទង់មតិខាងលើ ដែលត្រូវបានធ្វើឡើងទៅលើពលរដ្ឋអាមេរិកវ័យកណ្តាល ចំនួន ១,០០១នាក់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ក៏មានលទ្ធផលស្របទៅនឹងការស្ទង់មតិដទៃទៀត ដែលត្រូវបានចេញផ្សាយ កាលពីពេលថ្មីៗនេះផងដែរ ដោយនេះគឺជាសញ្ញាបង្ហាញពីការបាត់បង់ នៃសំឡេងអ្នកគាំទ្រចំពោះ លោក ត្រាំ ដោយនាពេលនេះ អ្នកគាំទ្របក្សសាធារណរដ្ឋតែ ៧៦ភាគរយប៉ុណ្ណោះ ដែលគាំទ្រការបំពេញតួនាទីរបស់ លោក ត្រាំ ដែលធ្លាក់ចុះពី ៨៤ភាគរយ កាលពីខែកុម្ភៈ។
គួរជម្រាបថា ស្របពេលដែលកម្រិតប្រជាប្រិយភាពរបស់ លោក ត្រាំ បានធ្លាក់ចុះខ្លាំងបែបនេះក៏ដោយ បើងាកទៅមើលកម្រិតប្រជាប្រិយភាពរបស់បក្សសាធារណរដ្ឋនៅក្នុងសភាវិញ គឺកាន់តែធ្ងន់ធ្ងរថែមទៀត ពោលគឺបានដាំក្បាលចុះរហូតដល់ ២៩ភាគរយ ខណៈទោះបីមន្រ្តីបក្សសាធារណរដ្ឋ ជាអ្នកគ្រប់គ្រងសភាទាំងពីរជាន់ថ្នាក់ក៏ដោយ ពួកគេពុំបានទទួលជោគជ័យ គួរឲ្យកត់សម្គាល់ណាមួយ ពាក់ព័ន្ធនឹងច្បាប់របស់ប្រទេសជាតិនោះឡើយ៕