(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក បាហ៍រ៉ាម ហ្គាស្សេមី (Bahram Ghassemi) នៅថ្ងៃពុធនេះ បានច្រានចោលរាល់ការចោទប្រកាន់ពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតដែលថា ទីក្រុងតេហរ៉ង់ជាអ្នកផ្គត់ផ្គង់អាវុធ ឱក្រុមឧទ្ទាមហួធីនៅក្នុងប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
លោក Bahram Ghassemi ថ្លែងបែបនេះ បន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន លោកស្រី នីកគី ហាឡេយ (Nikki Haley) បាននិយាយថា គ្រាប់មីស៊ីមួយគ្រាប់ដែលត្រូវបានគេបាញ់ ចេញពីទឹកដីយ៉េមែន តម្រង់មកកាន់រដ្ឋធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ គឺផ្គត់ផ្គង់ដោយអ៊ីរ៉ង់។ លោក Ghassemi បានគូសបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុកយ៉ាងដូច្នេះថា «យើងមិនមានទំនាក់ទំនងអ្វីទាល់តែសោះ ផ្នែកអាវុធជាមួយយ៉េមែន (...) យើងច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយ ដែលថាយើងបានផ្ដល់អាវុធដល់ក្រុមប្រដាប់អាវុធនានា នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយយើងសូមបដិសេធយ៉ាងដាច់អហង្កា»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ក្រុមឧទ្ទាមហួធីបានអះអាងថា ខ្លួនបានបាញ់មីស៊ីលមួយគ្រាប់ឆ្ពោះទៅកាន់រាជវាំង ក្នុងទីក្រុងរីយ៉ាដ ប៉ុន្តែត្រូវបានកងកម្លាំងអារ៉ាប៊ីសាអូឌីត បាញ់ទម្លាក់ទាន់ពេលវេលា ហើយក៏មិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬការបំផ្លិចបំផ្លាញអ្វីនោះដែរ៕