(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស បានចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងនឹងការប៉ុនប៉ង វាយប្រហារភេរវកម្មនៅក្នុងចក្រភពអង់គ្លេស នៅអំឡុងបុណ្យណូអែលខាងមុខនេះ ហើយ ក្នុងប្រតិបត្តិការនេះ បុរសបួននាក់ហើយត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារនៅក្នុងតំបន់ South Yorkshire និង Derbyshire។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅពុធថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប៉ូលិលប្រឆាំងភេរវកម្មអង់គ្លេស ជនសង្ស័យទាំងបួននាក់ខាងលើមានអាយុ ៣១, ៣៦, ២២ និង៤១ឆ្នាំ។ អ្នកទាំងនេះត្រូវបានចាប់ខ្លួន ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ រៀបចំ និងប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម អនុឡោមតាមច្បាប់ប្រឆាំងភេរវកម្ម កាលពីឆ្នាំ២០០០។ ប៉ុន្តែយ៉ាងណាក៏ដោយ ប៉ូលិស អង់គ្លេសមិនទាន់បានបញ្ជាក់លម្អិត ពីព័ត៌មានបន្ថែមទាក់ទិននឹងជនសង្ស័យទំាងនេះ នៅឡើយទេ ខណៈពួកគេកំពុងស្ថិតនៅក្រោមការសួរចម្លើយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអឺរ៉ុបនានា បាននិងកំពុងរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម ដែលអាចនឹងកើតមានឡើងនៅអំឡុងពិធីបុណ្យណូអែល ឬគ្រិស្មាក់បន្ទាប់ពីពួក ISIS បានអំពាវនាវឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនធ្វើសកម្មភាពវាយប្រហារ ប្រឆាំងនឹងប្រទេសលោកខាងលិច ជាការសងសឹងទៅបរាជ័យរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕