(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារគំរោងស្រាវជា្រវវិស័យការពារជាតិ របស់មន្ទីរបញ្ចកោណ (DARPA) គ្រោងនឹងធ្វើតេស្ដសមត្ថភាព បញ្ជាយន្ដហោះគ្មានមនុស្សបើក (Drone) ចេញពីយន្ដហោះដឹកជញ្ជូនយោធានៅឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
ការធ្វើតេស្ដយន្ដហោះដ្រូន (Drone) គឺជាផ្នែកមួយនៃកម្មវិធី Gremlin មានគោលបំណងបង្កើនសមត្ថភាព ក៏ដូចជាដាក់ពង្រាយយន្ដហោះដ្រូនធុនតូចបាញ់ចេញ ពីយន្ដហោះធុន C-130 ដែលមានសមត្ថភាពហោះហើរនៅចំងាយ ៤៨០គីឡូម៉ែត្រ លើតំបន់ដែនទឹក និងអាចដឹកជញ្ជូនទម្ងន់ ២៧គីឡូក្រាម នៃសម្ភារៈអេឡិចត្រូនិក។ «យើងមើលឃើញពីសក្ដានុពល នៃការប្រើប្រាស់បច្ចេកវិទ្យានេះ លើប្រភេទយន្ដហោះដ្រូន B/MQ-9 Reaper របស់យើង ដើម្បីផ្ដល់ជូនអតិថិជនរបស់យើង នូវបេសកកម្មថ្មីមួយដ៏ មានសមត្ថភាព»។ នេះបើតាម DARPA។
គួរបញ្ជាក់ថា នៅពលមន្ទីរបច្ចុកោណប្រកាសពីគំរោងកម្មវិធី Gremlin កាលពីឆ្នាំ២០១៦ មានសំណួរជាច្រើនត្រូវបានគេចោទសួរ ទាក់ទិននឹងបេសកកម្ម នៃប្រភេទយន្ដហោះដ្រូនធុនតូច ប៉ុន្តែ DARPA អះអាងថា ពួកគេចង់ដំណើរការយន្ដហោះដ្រូនធុនតូច ប្រកបដោយប្រសិទ្ធភាពលើការចែកចាយ និងសម្របសម្រួល៕