(ប៉េកាំង)៖ ក្រុមអ្នកជំនាញចិនមានការជឿជាក់ថា សហរដ្ឋអាមេរិក កំពុងតែប្រើប្រាស់កូរ៉េខាងជើង ធ្វើជាលែសដើម្បីអាចដាក់ពង្រាយសព្វាវុធថែមទៀត ក្រោមគោលបំណងពិត គឺទប់ទល់មហិច្ឆតាយោធារបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មានចិន South China Morning Post បានរាយការណ៍ថា អាមេរិកទំនងជាកំពុងគ្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំង ចន្លោះពី ០៤ ទៅ ០៦ក្រុម មកកាន់តំបន់ប៉ាស៊ីហ្វិក ក្រោមហេតុផលទប់ទល់នឹងការគម្រាមកំហែង កាន់តែកើនឡើងរបស់កូរ៉េខាងជើង ក្រោយពីការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងនាពេលកន្លងទៅ។
មេបញ្ជាការប្រតិបត្តិការជើងទឹកអាមេរិក លោកឧត្តមនាវីឯក John Richardson បានថ្លែងថា «យើងនឹងបន្តធានាថា ពួកយើងនឹងមានសព្វាវុធគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការនៃបេសកកម្មរបស់យើងនៅទីនេះ គឺក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ពួកវាអាចជាអ្វីដែលមកពីកងអង្គភាពទី ០៣ ឬក៏អ្វីៗដែលត្រូវតាមតម្រូវការទាំងនោះ»។ លោកមិនបានរៀបរាប់បញ្ជាក់ថា តើនៅពេលណា ឬក៏នាវាចម្បាំងប៉ុន្មានគ្រឿង នឹងត្រូវបានបញ្ជូនមកនោះឡើយ។
យ៉ាងណាមិញ អ្នកវិភាគយោធាចិនមួយចំនួនរួមមាន លោក Song Zhongping មានការយល់ឃើញថា ការបោះជំហ៊ាននេះ ប្រហែលជាមានគោលដៅលើវត្តមានយោធាចិននៅក្នុងតំបន់ទៅវិញទេ។ លោក Song បាននិយាយថា «យោធាជើងទឹកព្រមទាំងទ័ពអាកាសចិន នឹងប្រឈមមុខជាមួយបញ្ហាដែលពុំធ្លាប់ជួបប្រទះពីមុនមកឡើយ ប្រសិនបើសហរដ្ឋអាមេរិក ពង្រឹងការដាក់ពង្រាយយោធារបស់ខ្លួន នៅភាគខាងលិចប៉ាស៊ីហ្វិក ពីព្រោះថាមន្ទីរបញ្ចកោណ ទំនងជានឹងបញ្ជូននាវាដឹកយន្តហោះចម្បាំងពី០៤ ទៅ ០៦ក្រុមបន្ថែមទៀត មកកាន់តំបន់នេះ»។
អ្នកជំនាញរូបនេះ បានប៉ាន់ប្រមាណថា ប្រសិនបើក្រសួងការពារជាតិអាមេរិក ពិតជាមានបំណងធ្វើប្រតិបត្តិការយោធាប្រឆាំង នឹងកូរ៉េខាងជើងនោះ ខ្លួននឹងត្រូវការនាវាដឹកយន្តហោះចម្បាំង ០៤ ទៅ ០៦ក្រុម នៅក្នុងតំបន់ ខណៈសហរដ្ឋអាមេរិក បច្ចុប្បន្នមានត្រឹម០៣គ្រឿងប៉ុណ្ណោះ។
ទស្សនៈរបស់លោក Song ក៏ដូចទៅនឹងអ្នកវិភាគម្នាក់ទៀត គឺលោក Li Jie ដែលយល់ឃើញដូចគ្នាថា អាមេរិកតាមពិតទៅប្រហែលមានគោលដៅមកលើប្រទេសចិន។ លោក Li បានលើកឡើងថា «សហរដ្ឋអាមេរិក កំពុងទទួលរងសម្ពាធ តាមរយៈការឈរមើលកងទ័ពជើងទឹក និងអាកាសចិន រីកចម្រើនឡើងយ៉ាងឆាប់រហ័ស»៕