(សេអ៊ូល)៖ ពិធីបុណ្យសពរបស់តារាចម្រៀង លោក Kim Jong-hyun នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃក្នុងទីក្រុងសេអ៊ូល ដើម្បីទុកឱកាសជាលើកចុងក្រោយដល់អ្នកគំាទ្រ ដាក់កម្រងផ្កា និងលារូបលោកជាលើកចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧។
តារាចម្រៀង K-pop មកពីក្រុម SHINee គឺលោក Kim Jong-hyun បានបន្សល់ទុកបណ្ដាំចុងក្រោយ ដ៏ឈឺចាប់សម្រាប់អ្នកគំាទ្រ ដែលបញ្ជាក់ពីស្ថានភាព សម្ពាធផ្លូវចិត្តរបស់លោក មុននឹងលោកដាច់ចិត្តសម្លាប់ខ្លួនឯង។ លោក Kim ដែលគេតែងតែហៅថា Jong-hyun បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃចន្ទ ក្នុងបន្ទប់មួយស្ថិតនៅក្នុងសង្កាត់ Cheongdam-dong នៃភាគខាងត្បូងទីក្រុងសេអ៊ូល ហើយព្រមពេលជាមួយគ្នា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលលោកបានស្លាប់ទៅហើយ រីឯប៉ូលិសសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត។
ដោយឡែកជុំវិញរឿងនេះដែរ មិត្តភក្តិរបស់ លោក Jong-hyun គឺអ្នកនាង Jang Hee-yeon បានបង្ហោះនៅលើ Instagram នូវលិខិតបណ្ដាំចុងក្រោយ របស់លោក Kim ដែលលោកផ្ទាល់ចង់ឱ្យបណ្ដាំចុងក្រោយនេះ ត្រូវចេញផ្សាយជាសាធារណៈ។ លិខិតនេះបានបញ្ជាក់ដូច្នេះថា «ការបាកទឹកចិត្តកំពុងលេបត្របាក់ខ្ញុំបន្តិចម្ដងៗ ហើយខ្ញុំមិនអាចយកឈ្នះវាបានទេ... បា្រប់ខ្ញុំមកថា នេះវាគ្រប់គ្រាន់ហើយ ថាខ្ញុំបានធ្វើល្អហើយ។ បើទោះជាអ្នកមិនអាចញញឹម តែកុំបន្ទោសខ្ញុំ។ អ្នកធ្វើបានល្អណាស់ អ្នកធ្វើបានល្អហើយ។ លាហើយ!»។
គួរបញ្ជាក់ថា បើតាមប៉ូលិសការធ្វើកោសល្យវិច្ច័យប្រហែលជាមិនអាចត្រូវបានធ្វើឡើងនោះទេ ពីព្រោះមានភស្ដុតាងបញ្ជាក់ថា លោកបានសម្រេចចិត្តសម្លាប់ខ្លួនឯង៕